នៅថ្ងៃសុក្រ ទី៣ ខែកញ្ញានេះ កីឡាការិនីចិន Xiong Jing Nan នឹងឡើងការពារខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Women’s Strawweight របស់នាងទល់នឹងអ្នកជំនាញជឺជីតស៊ូរបស់ប្រេស៊ីល Michelle Nicolini នៅក្នុងព្រឹត្តិការណ៍ ONE: EMPOWER។

កីឡាការិនីចិន Xiong Jing Nan

សម្រាប់ការប្រកួតខ្សែក្រវាត់ពិភពលោកនេះ អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ជឿជាក់លើម្ចាស់ខជើងឯករបស់ចិននឹងការពារខ្សែក្រវាត់ពិភពលោកបានជោគជ័យ។

ចាន់ រតនា បានលើកឡើងថា ៖«ខ្ញុំគិតថា កីឡាការិនីប្រេស៊ីល Nicolini ពិបាកយកឈ្នះ Xiong ពីព្រោះតាមខ្ញុំឃើញកីឡាការិនីប្រកួតកន្លងមកគឺនាងល្អ។ មានកត្តា៣សំខាន់ដែលកីឡាការិនីចិនម្នាក់នេះនឹងឈ្នះ»។

«ទី១ Xiong មានជំនាញវ៉ៃឈរល្អណាស់។ គាត់ពូកែវ៉ៃកណ្តាប់បានល្អស្ទើរដូចមនុស្សប្រុស។ ក្រៅពីកណ្តាប់ដៃ គឺគាត់អាចទាត់បានល្អថែមទៀត។ ទី២ កីឡាការិនីចិននេះមានកម្លាំងស៊ុហ្វល្អ។ តាមបទពិសោធដែលគាត់វ៉ៃខ្សែក្រវាត់ជាច្រើនលើកកន្លង​មក​គឺ​គាត់​កម្រចុះខ្សោយណាស់ នៅពេលគាត់វ៉ៃ៥ទឹកពេញ»។ ចាន់ រតនា បានរៀបរាប់ និងបន្តថា ៖«ទី៣ Jing Nan មានក្បាច់ការពារជំនាញក្រោមល្អ។ ដៃគូល្មមពីបាកធ្វើគាត់ណាស់»។

ពេលលើកឡើងថា កីឡាការិនីប្រស៊ីល Michelle Nicolini ជាជើងឯកពិភពលោកជំនាញជឺជីតស៊ូតដែលជាក្បាច់ក្រោមកម្រិតស្តង់ដារអន្តរជាតិត្រូវបាន ចាន់ រតនា បញ្ជាក់ថា ៖«ខ្ញុំទទួលស្គាល់ថា Nicolini ល្អក្បាច់ក្រោម តែខ្ញុំឃើញ Xiong វ៉ៃជាមួយ Angela Lee ដែលពូកែក្បាច់ក្រោម ប៉ុន្តែធ្វើអ្វីកីឡាការិនីចិនមិនកើត ពីព្រោះនាងល្អការពារ»។

អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា

ចាន់ រតនា បន្ថែមទៀតថា កីឡាការិនីប្រស៊ីល Michelle Nicolini អាចនឹងខ្សោយកម្លាំងដែលមិនអាចវ៉ៃបានល្អ៥ទឹក ដូច្នេះនៅទឹកទី៤ ឬទី៥គឺពិបាកទប់ទល់នឹងកណ្តាប់ដៃរបស់ Xiong Jing Nan ណាស់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត ONE: EMPOWER នារាត្រីថ្ងៃសុក្រនេះ ការប្រកួតខ្សែក្រវាត់នារីគុនចម្រុះពិភពលោកគឺ ONE Women’s Atomweight World Grand សម្រាប់ការប្រកួតជុំដំបូងដែលមានកីឡាការិនីឆ្នើមៗមកពី៨ប្រទេស។ កីឡាការិនីហ្វីលីពីន Denice Zamboanga ប្រកួតជាមួយកីឡាការិនីកូរ៉េខាងត្បូង Seo Hee Ham, កីឡាការិនីអ៊ុយក្រែន Alyona Rassohyna ប្រកួតជាមួយកីឡាការិនីថៃ Stamp Fairtex ថៃជាលើកទី២ កីឡាការិនីជប៉ុន Itsuki Hirata ប៉ះកីឡាការិនីអាមេរិក Alyse Anderson និងកីឡាការិនីចិន Meng Bo ប៉ះខ្លាញីឥណ្ឌា Ritu Phogat៕

Telegram-Troryorng
Share.