តារា​ចម្រៀង​ Original លោក «អូន» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែសីហា ម្សិលមិញ​ បាន​បង្ហោះ​សំណេរ​ខ្លី​នៅ​ផេក​របស់​លោក ប៉ុន្តែ​បង្កប់​ដោយ​ខ្លឹមសារ​និង​អត្ថន័យ​ជ្រាលជ្រៅ​ ហាក់ដាស់​ស្មារតី​ទៅ​កាន់​អ្នក​និពន្ធ​និង​ផលិត​បទ​ចម្រៀង​កុំ​ឱ្យ​គិត​ផ្ដោត​តែ​លើ​ចំនួន​ View ហើយ​ភ្លេច​ពី​តម្លៃ​អប់រំ​ក្នុង​ផ្លូវ​វិជ្ជមានឱ្យ​សោះ​។

ម្ចាស់​បទ «ស្រោម» ច្រៀង​ជាមួយ​នឹង​ Vannda និង​ Tempo រូប​នេះ​បាន​ចេញ​មក​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ ដោយ​សារ​តែ​លោក​មាន​ការ​ទើស​ចិត្ត​ព្រោះតែ​បច្ចុប្បន្ន​ មាន​អ្នក​និពន្ធ​យុវវ័យ​ថ្មីៗ​មួយ​ចំនួន​ បាន​ផ្សព្វផ្សាយ​​តន្ត្រី​ ពិសេស​បទ​ចម្រៀង​ Rap បែប​ Gang តែងតែ​ប្រើ​​ពាក្យ​ឬ​ភាសា​មិន​សមគួរ​ ឬ​ភាសា​ឈ្លើយ​ ដែល​ជា​រឿង​មួយ​អាច​ធ្វើ​ឱ្យ​ហ្វេន​ ឬ​អ្នក​ស្ដាប់​ ដែល​នៅ​ក្មេង​ ឬ​អ្នក​ស្ដាប់​មិន​បាន​ពិចារណា ជ្រួតជ្រាប រួច​យក​មក​ប្រើប្រាស់​ នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​សម្រាប់​សង្គម​និង​ជាតិ​។

តារាចម្រៀង​ Mr. Oun បាន​សរសេរ​លើ​ផេក​របស់​លោក​ដែល​មាន​ចំនួន​ Followers ចំនួន​ជាង​ ២៦៦K យ៉ាង​ដូច្នេះ​៖ «ប្រើប្រាស់តន្រ្តីដើម្បីផ្សព្វផ្សាយអ្វីដែលវិជ្ចមាន ព្រោះប្រទេសយើងតូច ប្រជាជនយើងតិច ចំណេះដឹងនៅមានកំរិត»។

ការ​លើក​ឡើង​របស់​លោក​ត្រូវ​បាន​បងប្អូន​អ្នក​លេង​បណ្ដាញសង្គម និង អ្នក​គាំទ្រ​កោត​សរសើរ​យ៉ាង​ខ្លាំង​ តាម​រយៈ​ការ​បញ្ចេញ​នូវ​ទស្សនៈ​គាំទ្រ​ការ​លើក​ឡើង​របស់​លោក​ ព្រម​ទាំង​លើក​ឡើង​ដែរ​ថា​ «តន្ត្រីល្អ​ ហើយ​ក៏​អាក្រក់​ដែរ ទៅ​តាម​អ្នក​និពន្ធ​ទំនុក​ច្រៀង» អ្នក​ខ្លះ​ទៀតបាន​សរសេរ​ថា​ «គាំទ្រ ព្រោះតន្រ្តីជះឥទ្ធិពលខ្លាំងណាស់ដល់យុវជន» និង «បងជួយនិពន្ឋទំនុកច្រៀងបែបអប់រំយុវជនព្រោះឥលូវមានរឿងអវិជ្ជមានជាច្រើន កំពុងបំពុលយុវជនភ្លើតភ្លើន»។ល។

ចំពោះ​មិត្ត​អ្នក​អាន​វិញ​ តើ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ Original ខាង​លើ​នេះ​?

Telegram-Troryorng

Share.