កំពង់ស្ពឺ ៖ ស្ត្រីសង្ស័យជំនាញខាងទម្លាក់យោងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ចំណែកបក្ខពួក២នាក់ទៀត ប្រុស១នាក់ បានរត់គេចខ្លួនបាត់ បន្ទាប់ពីប្រើល្បិចធ្វើជ្រុះកញ្ចប់មាស ហើយល្បួងជនរងគ្រោះចេញពីផ្សារ សមត្ថកិច្ចឃើញឃាត់សួរ ទើបដឹងថាក្រុមទម្លាក់យោង កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារស្លាបលែង ភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ ចាប់ខ្លួនបានម្នាក់ មានឈ្មោះ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យមានគ្នា៣នាក់ ស្រី២នាក់ ប្រុស១នាក់ ជិះម៉ូតូហុងដាឌ្រីម ទៅធ្វើសកម្មភាព ទម្លាក់យោង (ធ្វើជាជ្រុះថងមាស) នៅក្នុងផ្សារស្លាបលែង ដោយស្រ្តីសង្ស័យម្នាក់ដើរតួរធ្វើជាជ្រុះថង់មាស ហើយជនសង្ស័យឈ្មោះ សៅ សារឿន ដើរតួរធ្វើជាអ្នករើសបាន ហើយល្បួង បញ្ចុះបញ្ចូល នារីរងគ្រោះឈ្មោះ ឡាយ គីមសុខ នាំចេញពីផ្សារ ក្នុងបំណងទៅកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ គាប់ជួន ពេលដែលកំពុងនាំជនរងគ្រោះដើរចេញពីក្នុងផ្សារ ជួបជាមួយសមត្ថកិច្ច ឃើញដូចខុសប្លែក សាកសួរ ទើបដឹងថាជាក្រុមទម្លាក់យោង ក៏ឃាត់ខ្លួនតែមហតង ចំណែកបក្ខពួក២នាក់ទៀតដឹងខ្លួននាំគ្នាគេចខ្លួនបាត់ ។

ជនសង្ស័យ យោងតាមចម្លើយសារភាព ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាកា ចាត់ការតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ
