ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយបុរសម្នាក់ ស្រវឹងស្រា លឿនជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ក្នុងដំណើរស្របទិសគ្នា ផ្លោងខ្ទាតជិត១០ម៉ែត្រ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ វង្ស វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-1190 ជិះដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បើកពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-4220 កំពុងជិះស្របទិសគ្នា ផ្លោងខ្ទាតជិត១០ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ភាគីបង្ករងរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងគ្រោះរបួសស្រាលម្នាក់ ក្រុមសង្គ្រោះជួយជូតលាងរបួសជូន ។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

