បាត់ដំបង៖ ទឹកភ្លៀង និងរលឹមបន្តធ្លាក់រយ:ពេលយូរបង្កជាទឹកជន់លិចផ្លូវ រួមទាំងទីផ្សារជាច្រើនកន្លែង និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនម៉ោង។
ក្រោយពីអាកាសធាតុប្រែប្រួលអាប់អួ និងធ្លាក់ខ្យល់ត្រជាក់ចាប់តាំងពីដើមសប្តាហ៍មក បានធ្វើឲ្យមានភ្លៀងធ្លាក់មួយមេយ៉ាងធំ និងបន្តរលឹមរហូតដល់ជិតពាក់កណ្តាលអាធ្រាត គ្របដណ្តប់លើក្រុងបាត់ដំបង បានបង្កឲ្យមានទឹកភ្លៀងជន់លិចជាច្រើនកន្លែង រួមមាន កំណាត់ផ្លូវលេខ ៣ ចម្ងាយជាច្រើនរយម៉ែត្រ បរិវេណផ្សារបឹងឈូក រួមទាំងទីផ្សារ ១៣មករា ហៅផ្សារថ្មីមួយចំនួនទៀត។

ទឹកភ្លៀង និងរលឹមជាប់ៗគ្នានេះបានធ្លាក់ចាប់ផ្តើមតាំងពីល្ងាចម៉ោងជាង ៤:០០នាទី ដល់ជិតពាក់កណ្តាលអាធ្រាតថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ បានបង្កការប៉ះពាល់ដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋជាច្រើនម៉ោង។ ផ្ទុយទៅវិញការបង្អុរទឹកភ្លៀងយ៉ាងជោគជំខាងលើនេះដែរបានធ្វើឲ្យសម្រេចបំណងប្រាថ្នារបស់កសិករនៅតំបន់ជុំវិញនេះយ៉ាងល្អប្រសើរបំផុតក្នុងការស្រោចស្រពដំណាំចម្ការ និងដំណាំស្រូវមួយភាគធំថែមទៀត។

ជាមួយអាកាសធាតុប្រែប្រួលមិនទៀងទាត់បង្កជាភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង ពិសេសនៅតំបន់ព្រំដែនថ្មីៗនេបាន ធ្វើឲ្យលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជម្រុញការណែនាំដល់កម្លាំងផែនទទួលបន្ទុកទាំងអស់ឲ្យត្រៀមកម្លាំង និងឧបករណ៍សង្គ្រោះឲ្យបានគ្រប់គ្រាន់ដើម្បីចេញប្រតិបតិ្តការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលរងការ ប៉ះពាល់ក្នុងហេតុការណ៍ផ្សេងៗជាយថាហេតុ ឬចាំបាច់ត្រូវជន្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ដំបងក្រញូង
