ព្រះសីហនុ ៖ មួយគ្រួសារ មានចាស់ មានក្មេង សរុបគ្នា៦នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកតេស្ត រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

ដោយមានការចូលរួម សហការពីលោកអភិបាលស្រុក អាជ្ញាធរ សមត្ថកិច្ច ក្រុមគ្រូពេទ្យ បានចុះទៅយកសំណាកតេស្ត បងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើ នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានសមាជិកគ្រួសារ ចំនួន៦នាក់ មនុស្សចាស់ចំនួន៤នាក់ ក្មេងតូចៗចំនួន២នាក់ ជាលទ្ធផល ក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី (ដែលតា)ទាំង៦នាក់ ហើយត្រូវបាននាំយកទៅមណ្ឌលសម្រាកព្យាបាល ។

ក្រោយពីរកឃើញមួយគ្រួសារវិជ្ជមានកូវីដ១៩ ដែលតា នៅល្ងាចថ្ងៃដដែលនេះផងដែរ កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះណែនាំប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះទាំងអស់ម្តុំខាងមុខផ្សារវាលរេញ ស្រុកព្រៃនប់ ឲ្យបិទផ្អាកជាបណ្តោះអាសន្ននូវការលក់ដូរ ដើម្បីចូលរួចទប់ស្កាត់ជម្ងឺឆ្លងទាំងអស់គ្នា ៕
