ភ្នំពេញ ៖ បុរសម្នាក់ទើបវិលមកពីផឹកសុី ស្រវឹងជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េទ្រុង បណ្តាលឱ្យរងរបួសធ្ងន់ ម៉ូតូជាប់ពីក្រោយរថយន្ត ច្រើនម៉ែត្រទើបរបូតចេញ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ង៉ែត សិន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទួលភ្ងាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ របួសសន្លប់បាត់ស្មារតី ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1U-9762 ទើបចេញពីកន្លែងផឹកសុី ស្រវឹងជិះម៉ូតូ គោលបំពង់វិលទៅផ្ទះ តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តកូរ៉េទ្រុង បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ម៉ូតូជាប់ពីក្រោយរថយន្ត ច្រើនម៉ែត្រ ទើបរបូត ហើយរថយន្តមិនបានឈប់ បន្តបើកគេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

អត្ថបទ៖​

Share.