ព្រះវិហារ ៖ បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចំការ កិនជាន់ចំមីនតោន បណ្តាលឱ្យផ្ទុះក្រឡាប់ត្រាក់ទ័រ រងរបួសរាងកាយ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចខាងលិចទួល៤២ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះមានឈ្មោះ អុល ស៉ីម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកត្រាក់ទ័រភ្ជួរដី ស្នាក់នៅក្នុងភូមិឃុំកើតហេតុ មានទីលំនៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីចំការនៅចំណុចកើតហេតុ ខណៈដែលកំពុងភ្ជួរ ស្រាប់តែជាន់កិនចំមីនតោន បន្សល់ទុកតាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះ ក្រឡាប់ត្រាក់ទ័រ រងខូចខាត រងរបួសពេញខ្លួន ។

ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ ដឹកបញ្ជូនទៅមន្ទីរពេទ្យសម្តេចជាស៉ីមស្រអែម រួចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕

អត្ថបទ៖តាតុងសែនជ័យ

Share.