ភ្នំពេញ៖ យុវជនពីរនាក់រងរបួសស្រាលក្រោយបើកម៉ូតូបុកគ្នាជាមួយនឹងភាគីម្ខាងទៀត ហើយព្យាយាមចរចាដោះស្រាយ តែត្រូវភាគីម្ខាងទៀតប្រើប្រាស់អំពើហិង្សា វាយដំ នឹងបានយកកាំបិតតាំងតោដេញកាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅពីរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ 1KB-1815 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយដៃមានកាន់កំប៉ុងស្រាបៀរផងនោះ បានជិះម៉ូតូមកបុកពេញទំហឹង បណ្ដាលអោយរងការខូចខាតផ្នែកខាងមុខ ហើយភាគីជនរងគ្រោះបានព្យាយាមសម្របសម្រួលចរចាដោះស្រាយគ្នា តែភាគីម្ខាងទៀតបានប្រើអំពើហិង្សាដោយវាយដំច្រំធាក់លើជនរងគ្រោះ ហើយជិះម៉ូតូរត់ចូលទៅក្នុងបន្ទប់ជួល ស្រាប់តែយុវជនទាំងពីរនោះដេញតាម ពួកគេក៏បានប្រើប្រាស់កាំបិតតាំងតោនឹងបានហៅបក្សពួកមកដេញកាប់លើយុវជនទាំងពីរនោះថែមទៀត តែជាសំណាងល្អបានរត់រួច។

ក្រោយពីកើតហេតុយុវជនទាំងពីរ បានយកម៉ូតូទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ចោមចៅពីរ ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌៕

អត្ថបទ៖ ត្រយងតូច

Share.