ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលាម្នាក់ និងយុវជនម្នាក់ រងរបួសធ្ងន់ សន្លប់ឈឹងនៅកន្លែងទាំង២នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាវ៉េវ ជិះលឿនជ្រុលបុកជាមួយ ម៉ូតូលេតជិះដោយក្មេងស្រី កំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូលេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2938 ជិះដោយក្មេងស្រី ឈ្មោះ យាន រស្មី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី11E1 វិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ជិះឆ្លងផ្លូវពីជើងទៅត្បូង ស្រាប់តែភាគីម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1Q-0593 ជិះដោយយុវជនម្នាក់ លឿនពីកើតទៅលិច ហ្វ្រាំងមិនទាន់ ជ្រុលបុកពីទទឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ម៉ូតូទាំង២គ្រឿង បាក់ក បាក់កង់មុខ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីយកទៅគ្លីនិកឯកជន រៀងខ្លួន តែខាងគ្លីនិកមិនហ៊ានទទួល ទើបដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយខ្លួនឯង ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

