Jun Ji Hyun តួ​ឯក​ស្រី​ដ៏​ល្បី​ដែល​អ្នក​គាំទ្រ​កម្ពុជា​ហៅ​យ៉ាង​ស្ទាត់​មាត់​ថា​ ឆូ សុងអ៊ី​ ត្រូវ​បាន​​គេ​​រំពឹង​ថា​​​ទទួល​បាន​តម្លៃ​ខ្លួន​ប្រមាណ​១៧​ពាន់លាន​វ៉ុន​ (ប្រហែល​១៤,៧​លាន​ដុល្លារ​អាមេរិច)​ ដែល​ជា​តម្លៃ​មួយ​ថ្លៃ​កប់​ពពក​ខ្ពស់​​លើស​​អតីត​ដៃ​គូ​សម្ដែង​ Kim Soo Hyun និង​ពិធីករ​ថ្វីមាត់​ពូកែ​ Yoo Jae Suk​

យោង​តាម​ប្រភព​ Allkpop ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ ​ដក​ស្រង់​ដំណឹង​​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ឆ្នាំ​២០២១​ Jun Ji Hyun ទទួល​បាន​កម្រៃ​​ឬ​ថ្លៃ​ខ្លួន​ប្រមាណ​១​ពាន់​លាន​វ៉ុន​សម្រាប់​កុង​ត្រា​ជាមួយ​ផ្សាយ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ ដោយ​ឆ្នាំ​នេះ​ តារា​ស្រី​រូប​នេះ​ចុះ​កុង​ត្រា​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ផលិតផល​ចំនួន​១៦​ផ្សេង​គ្នា​ ដែល​ធ្វើ​ឱ្យ​គេ​ប៉ាន់​ប្រមាណ​បាន​ថា​​ឆ្នាំ​នេះ​ នាង​ទទួល​បាន​កម្រៃ​សរុប​ប្រមាណ​​១៧​​ពាន់​លាន​វ៉ុន​។

ដៃ​គូ​សម្ដែង​រួម​ក្នុង​រឿង​ «សង្សារ​ខ្ញុំ​ជា​បុរស​ភព​ផ្កាយ​» Kim Soo Hyun ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ មាន​តម្លៃ​ខ្លួន​សរុប​ប្រមាណ​ ១៣​ពាន់លាន​វ៉ុន​ ខណៈ​ពិធីករ​ល្បី​លំដាប់​លេខ​១​ របស់​កូរ៉េ​ Yoo Jae Suk ស្ថិត​ក្នុង​លំដាប់​លេខ​៣​ ទទួល​បាន​កម្រៃ​សរុប​ប្រមាណ​ ១០​ពាន់​លានវ៉ុន​។

ចំពោះ​តារា​សម្ដែង​ញញឹម​ស្រស់​ Song Joong Ki ស្ថិត​ក្នុង​លំដាប់លេខ​៤ (៨ពាន់​លាន​វ៉ុន) Lee Seung Ki (ប្រមាណ​ជា​៧​ពាន់​លាន​វ៉ុន​) ពិធីករ​ Shin Dong Yup (​ប្រមាណ​៥​ពាន់​លាន​វ៉ុន) ​និង​ចុង​ក្រោយ​អ្នក​ម៉េមាយ​សម្បូរ​ទ្រព្យ​ Song Hye Kyo (​ប្រមាណ​៤​ពាន់​លាន​វ៉ុន)៕​

Telegram-Troryorng
Share.