ព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា មានកម្លាំងសមត្ថកិច្ចកងរាជអាវុធខេត្តព្រះសីហនុ បានចូលឡោមព័ទ្ធទីតាំង២កន្លែងទល់មុខគ្នា ដោយឃាត់ខ្លួនបានជនជាតិបរទេស(វៀតណាម) ប្រមាណជិត១០នាក់ វត្ថុតាង រថយន្តទំនើប គ្រឿងញៀនមួយចំនួន និង អាវុធខ្លី២ដើម។ ហេតុការណ៍នេះកើតឡើង នៅត្រង់ចំណុចទីតាំងនៅម្តុំសេតេ ខាងក្រោយផ្ទះសូវៀត ស្ថិតនៅក្រុម០៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នេះបើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ចំណុចទីតាំងផ្ទះខាងលើកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា មានផ្ទះវីឡា មួយកន្លែងមានជនបរទេស ជាច្រើននាក់កំពុងប្រមូលផ្តុំគ្នា ប្រើរប្រាស់ថ្នាំញៀនខុសច្បាប់(k) ថ្នាំក្រវី រួមទាំងមាន កាន់កាប់អាវុធខុសច្បាប់ ។

ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកំណត់បានទីតាំងផ្ទះវីឡា និង ផ្ទះល្វែងខាងលើ រួចបានឆ្លក់ចូលបង្ក្រាបបានជនសង្ស័យជាជនជាតិវៀតណាមប្រមាណជិត១០នាក់ និង វត្ថុតាងមួយចំនួន រថយន្ត២គ្រឿង និង អាវុធខ្លីចំនួន២ដើម និង វត្ថុតាងផ្សេងៗទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ និង វត្ថុតាងត្រូវនាំខ្លួនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ យកទៅសួរនាំ និង ស្រាវជ្រាវរកបក្សពួកជនសង្ស័យផ្សេងទៀត ដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ ឈុន គឹមហៃ

