ភ្នំពេញ៖ ជនជាតិចិនមួយក្រុម មានស្រី មានប្រុស ទំនងចេញពីក្លឹបកម្សាន្ត បានបេីករថយន្តសេរីទំនេីបមួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីង នៅវេលាម៉ោង ០៣:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុម មានគ្នា៧នាក់ មានប្រុស មានស្រី បេីករថយន្តសេរីទំនេីប ម៉ាក Mercedes Maybach ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BU-6321 ដែរបេីកបរទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុច ស្តុបគិរីរម្យ ក៏រេចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជេីង ឯក្បាលនាគពុះចែកទ្រូងផ្លូវដាច់ចេញមួយកង់។

ក្រោយនៅពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកវាល់វែង រួចស្ទួចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

