ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកំពុងដើរតាមផ្លូវសុខៗ កើតមានអាការៈខ្យល់គ ដួលស្លាប់នៅលើចិញ្ចើមផ្លូវ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងជាប់របងសាលាគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ភួង ចៅវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ព្រោះពិការជើង នៅអបដែកនៅឡើយទេ រយៈពេល២ឆ្នាំមកហើយ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ មានប្រពន្ធឈ្មោះ តោ សេរីរតនៈ អាយុ៣៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ បានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង២ឆ្នាំមកហើយ មិនទាន់មានកូន ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះដើរតាមផ្លូវ ដល់ចំណុចមុខសាលាគោកបញ្ជាន់ស្រាប់តែខ្យល់គដួលស្លាប់ ពលរដ្ឋហៅរថយន្តសង្គ្រោះមិនទាន់ផង បង្កឱ្យភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ទៅធ្វើការពិនិត្យកោសល្យវិច័យ ជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷ សេង សាវី

Share.