សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នាថ្ងៃទី១ កក្កដា បានប្រកាស​ពី​ការ​បញ្ជូនគណៈ​ប្រតិភូទៅ​កាន់​កោះ​បាលី ប្រទេស ឥណ្ឌូនេស៊ី ដើម្បីចូលរួមការប្រកួតជើងឯកប្រចាំតំបន់ JJAU អាស៊ីអាគ្នេយ៍ ដែល​មាន​ការ​ចូល​រួមប្រកួតសរុបចំនួន៤១២ និងអត្តពលិក២៥៨នាក់ មកពីបណ្តាប្រទេសចំនួន ៦ចូលរួម។

ក្នុងដំណើរឆ្ពោះទៅកាន់កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី អត្តពលិកដែលមានទេពកោសល្យចំនួន ១២រូបនឹងតំណាងឱ្យប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតជើងឯកប្រចាំតំបន់ JJAU អាស៊ីអាគ្នេយ៍ ដែល​នឹង​ប្រព្រឹត្តិទៅ​ចាប់​ពី​ថ្ងៃទី ៦ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

មុន​ចាក់ចេញទៅ អត្តពលិក​កម្ពុជា បានហ្វឹកហាត់យ៉ាងស្វិតស្វាញអស់ជាច្រើនខែ ហើយ​ត្រៀមខ្លួន​រួចជា​ស្រេចដើម្បីបញ្ចេញសមត្ថភាពរបស់ពួកគេនៅលើឆាកអន្តរជាតិនេះ។

ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធ បានបញ្ជាក់ថា៖ “យើងមាន​ក្តីរំភើប​ឥតឧប​មា​ចំពោះ​ការចូលរួមរបស់យើងក្នុងការប្រកួតនេះ។ ក្រុមការងារ ក៏ដូច​ជាអត្តពលិក​របស់​យើង​បានសិក្សា រៀបចំ និងត្រៀមខ្លួនសម្រាប់ការប្រកួតនេះជាច្រើនខែ ហើយយើង​មានទំនុក​ចិត្តខ្ពស់​លើស​មត្ថភាព​របស់អត្តពលិកយើងក្នុងការឡើងឆាកប្រយុទ្ធ ដណ្តើមជ័យជំនះនិងមេដាយមាសជូនជាតិកម្ពុជា។

ឯកឧត្តម បន្ថែម​ថា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ CamEd Business School និង សមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែល​បានផ្តល់ការ​គាំទ្រ​ក្នុង​ការ​បញ្ជូន​អត្តពលិករបស់ពួកគេមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាអ្នកឧបត្ថម្ភធំរបស់យើងរួមមាន Naga Balm, Dai Ek, Alpha Fitness និង Kiri Jiu Jitsu សម្រាប់ការរួមចំ​ណែកក្នុងការ​ឱ្យ​ដំណើរមួយ​នេះ​អាច​ប្រព្រឹត្តិទៅបាន៕

Share.