ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ជើងឆ្វេង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូស្កុបពីបើក បុកជាមួយ ម៉ូតូអូស រុឺម៉ក លក់បន្លែកំពុងបើកឆ្លងផ្លូវ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HX- 6075 បើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ គេចមិនទាន់ជ្រុលទៅបុកកន្ទុយរុឺម៉កម៉ូតូ ដឹកបន្លែ ម៉ាកស៊ូរ៉ុស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF- 2388 បើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ដោយក្មេងប្រុសម្នាក់ បណ្តាលឲ្ យភាគី ម៉ូតូស្កុបពីដួលរងរបួសបាក់ជើងឆ្វេង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមរថយន្តគ្លីនិកឯកជន យកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែក មធ្យោបាយទាំង២ ត្រូវបានតំណាងភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា ក្រោមវត្តមាននគរបាលជំនាញខណ្ឌ ទីបំផុតភាគីខាង រុឺម៉ក់ សុខចិត្តជួយចេញថ្លៃព្យាបាលដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

Share.