ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងបើកបោះពួយល្បឿនលឿន លើស្ថានភាពផ្លូវកោង យកចង្កូតមិនទាន់ ក៏ជ្រុលទៅ បុករបងទ្វារផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់បាក់ភ្លៅស្តាំ ម្នាក់ទៀតរងរបួសស្រាល ម៉ូតូកោងខ្ទេចបូមមុខ នៅតាមផ្លូវបេតុងក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិ បានឲ្យដឹងថា រាល់ថ្ងៃទៅហើយគេតែតែឃើញយុវជនរងគ្រោះទាំង២នាក់នេះ ជិះម៉ូតូកាត់ ក្នុង ភូមិបើកលឿនៗណាស់ មិនគិតមិនខ្វល់ពីការប្រឈមគ្រោះថ្នាក់ ដែលគេដឹងថាមានទីលំនៅឯឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ហើយនៅរសៀលថ្ងៃនេះ មុនកើតហេតុ យុវជនទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក RAVDER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-7703 ឌុបគ្នាបើកល្បឿនលឿនដូចសព្វដង ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោងល្បឿន លឿន ភ្លាត់ ស្នៀត យកចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងទ្វារដែកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួលបោក រងរបួសធ្ងន់ម្នាក់ បាក់ភ្លៅស្តាំ ម្នាក់ទៀតរបួសស្រាល ម៉ូតូខ្ទេចបូមមុខ របងទ្វារ ផុងរបើក ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តគ្លីនិកឯកជនបែកចាន ដឹកយកទៅ ចំណែកឯម៉ូតូ សមត្ថកិច្ចយក ទៅ រក្សាទុកនៅប៉ុស្តិ៍ ៕
