ពានរង្វន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០២ ពោលគឺមានអាយុកាលជាង ២២ឆ្នាំហើយ ខណៈកន្លងទៅមានក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ចំនួន ៧ប្រទេសដែលគ្រងជើងឯកតាមឆ្នាំនីមួយៗ ចាប់តាំងពីបង្កើតមក។

ពេលនេះសារព័ត៌មានត្រយង សូមជម្រាបជូនប្រិយមិត្តអំពីប្រទេសដែលធ្លាប់លើកពានច្រើនជាងគេចំនួនពីរប្រទេស ខណៈប្រទេសទាំងពីរនោះ គឺឈ្នះចំនួន ៥លើកដូចគ្នា៖

ទី១) ប្រទេសថៃ

ក្រុមជម្រើសជាតិថៃ អាយុក្រោម ធ្លាប់គ្រងជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន នេះបានចំនួន៥លើក

លើកទី១. ឆ្នាំ២០០២) ឆ្នាំដំបូងនោះដែលមានប្រទេសកម្ពុជា និងថៃជាម្ចាស់ផ្ទះ ជម្រើសជាតិថៃ បានយកឈ្នះភូមា (មីយ៉ានម៉ា) ដោយលទ្ធផល ៤ទល់នឹង០ ដែលការប្រកួតនោះធ្វើឡើងនៅរាជធានី​បាងកក ប្រទេសថៃ។

លើកទី២. ឆ្នាំ២០០៩) ក្រុមជម្រើសជាតិថៃ បន្តឈ្នះពានរង្វាន់ប្រចាំតំបន់អាស៊ាន មួយនេះជាលើកទី២របស់ខ្លួន ក្រោយឈ្នះលើក្រុមជម្រើសជាតិអូស្ត្រាលី នៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់ក្តី១១ ម៉ែត្រ ៥ទល់នឹង៣ បន្ទាប់ពីស្មើគ្នា២ទល់នឹង២ ខណៈការប្រកួតនោះធ្វើ​ឡើងនៅក្នុងកីឡដ្ឋាន Thanh Long ស្ថិតក្នុងទីក្រុង Ho Chi Minh ប្រទេសវៀតណាម។

លើកទី៣ ឆ្នាំ២០១១) ក្រុមជម្រើសជាតិថៃ ឈ្នះពានជាលើកទី៣ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិវៀតណាម ដោយបាល់កាត់ក្តី១១ ម៉ែត្រ ៥ទល់នឹង៤ ក្រោយស្មើគ្នា ១ទល់នឹង១ កាលពីថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០១១ នៅទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។

លើកទី៤ ឆ្នាំ២០១៥) ក្រុមជម្រើសជាតិថៃ ឈ្នះពានជាលើកទី៤ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ចាស់ដៃ ៦ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០១៥ នៅក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

លើកទី៥ ឆ្នាំ២០១៧) ក្រុមជម្រើសជាតិថៃ ឈ្នះពានជាលើកទី៤ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ២ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០១៧ នៅក្នុងទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។

ទី២) ប្រទេសអូស្រ្តាលី

ក្រុមជម្រើសជាតិអូស្ត្រាលី អាយុក្រោម ១៩ឆ្នាំធ្លាប់គ្រងជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ាន នេះបានចំនួន៥លើក៖

លើកទី១ ឆ្នាំ២០០៦) ក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានជាលើកទី១ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០០៦ កន្លងទៅ នៅកីឡដ្ឋាន Darul Makmur Stadium នៅក្នុងទីក្រុងប៉ាហាំង ប្រទេសម៉ាឡេស៊ី។

លើកទី២ ឆ្នាំ២០០៨) ក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានជាលើកទី២ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដោយបាល់កាត់ក្តី១១ ម៉ែត្រ ៣-១ បន្ទាប់ពីស្នើគ្នា ០ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៨ កន្លងទៅ នៅកីឡដ្ឋាន Rajamangala Stadium, នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

លើកទី៣ ឆ្នាំ២០១០) ក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានជាលើកទី៣ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ នៅកីឡដ្ឋាន Thong Nhat Stadium, នៅក្នុងទី Ho Chi Minh City ប្រទេសវៀតណាម។

លើកទី៤ ឆ្នាំ២០១៦) ក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានជាលើកទី៤ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៥ទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៦ កន្លងទៅ នៅកីឡដ្ឋាន Hang Day Stadium នៅក្នុងទីហាណូយ ប្រទេសវៀតណាម។

លើកទី៥ ឆ្នាំ២០១៩) ក្រុមជម្រើសជាតិអូស្ត្រាលី ឈ្នះពានជាលើកទី៥ របស់ខ្លួនក្រោយឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ នៅកីឡដ្ឋាន Thong Nhat Stadium នៅក្នុងទី Ho Chi Minh City ប្រទេសវៀតណាម។

ដោយឡែកសម្រាប់ក្រុមដែលឈ្នះជើងឯកបាន២លើកមាន២ក្រុម គឺក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឆ្នាំ២០០៣ និងឆ្នាំ២០០៥ រីឯម៉ាឡេស៊ី ឆ្នាំ២០១៨ និងឆ្នាំ២០២២។

ក្រៅពីនោះគឺក្រុមជម្រើសជាតិវៀតណាម ឈ្នះ១លើកឆ្នាំ២០០៧, ឥណ្ឌូនេស៊ី ឈ្នះ១លើកឆ្នាំ២០១៣, អ៉ីរ៉ង់ ឈ្នះ១លើកឆ្នាំ២០១២ និង ជប៉ុន ឈ្នះ១លើកឆ្នាំ២០១៤។

ដោយលែកងាកមកចាប់អារម្មណ៍ពីព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបនអាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះគ្រោងគឺនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរួមប្រកួត បែងចែកជា៣ពូល ក្នុងមួយពូលគឺមាន៣ក្រុម ខណៈក្រុមជម្រើសជាតិកម្ពុជា ក៏នឹងចូលរួមប្រកួតដែរ។

នេះជាកម្មវីធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ៖

  • ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ទីម័រខាងកើត ប៉ះ កម្ពុជា ម៉ោង ៣:០០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium ។
  • ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី ម៉ោង ៧:៣០ យប់ នៅកីឡដ្ឋាន Gelora Bung Tomo Stadium ។
  • ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ហ្វីលីពីន ម៉ោង ៧:៣០ យប់ នៅកីឡដ្ឋាន Gelora Bung Tomo Stadium ។

ចំពោះរូបមន្តប្រកួតគឺក្រុមដែលឈរនៅលេខ១ទាំង ៣ពូល នឹងមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ២ល្អ ១ក្រុមនឹងឡើងទៅបង្គប់នៅវគ្គ៤ក្រុមនោះតែម្តង ប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តយក២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ៕

Share.