ម៉ូស្គូ៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្សីនៅថ្ងៃទី ៨ ខែកក្កដា និងថ្ងៃទី ៩ ខែកក្កដា ខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះ ចាប់តាំងពីទីក្រុងមូស្គូ បានបើកការវាយប្រហារនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ជាសញ្ញានៃការកើនឡើងនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងញូវដេលី បើទោះបីជាឥណ្ឌា បានបង្កើនការទិញប្រេងពីរុស្ស៊ី និងមិនបានចូលរួមជាមួយទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Modi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងពិភាក្សាអំពី «ការផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់ និងពិភពលោក រួមទាំងពិភ្សាសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាពរុស្ស៊ី-ឥណ្ឌា»។

លោក Modi ធ្លាប់បានបង្ហាញពីការព្រួយបារម្ភរបស់លោកអំពីជម្លោះ ទៅកាន់លោក ពូទីន នៅឯកិច្ចប្រជុំខែកញ្ញាឆ្នាំ២០២២ ដោយជំរុញឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស។

ដំណើរទស្សនកិច្ចនេះនឹងត្រូវបានគេតាមដានយ៉ាងដិតដល់ ចំពោះការវិវឌ្ឍន៍ ឬការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយការទូត និងសេដ្ឋកិច្ចរបស់ឥណ្ឌាទាក់ទងនឹងរុស្ស៊ី និងជម្លោះអ៊ុយក្រែន។
សូមជម្រាបថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Modi ទៅកាន់ប្រទេសរុស្ស៊ី គឺនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងឥណ្ឌា និងរុស្ស៊ីនៅទីក្រុង Vladivostok៕

