ភ្នំពេញ ៖ ក្មេងប្រុសកូនសិស្សលោកម្នាក់ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ហើយលោកនេន និងកូនសិស្សទៅបាចចំណីត្រីក្នុងស្រះ ស្រាប់តែក្មេងប្រុសជាកូនសិស្សម្នាក់ ឡើងជិះគម្របធុងទឹកកកលេង រអិលធ្លាក់លង់លិចបាត់ក្នុងទឹក ផ្អើលឆោឡោ នាំគ្នារាវរកតែមិនឃើញ រហូតដល់ ស្នើសុំកម្លាំងកងទ័ពពិសេសឆ័ត្រយោង៩១១ ចេញទៅអន្តរាគមន៍ រាវរកឃើញស្រង់ឡើងគោក កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅស្រះទឹក ក្នុងវត្តមុនីប្រសិទ្ធីវង្ស ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពក្មេងរងគ្រោះឈ្មោះ ដេត សុបញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនសិស្សលោក ស្នាក់អាស្រ័យជាមួយព្រះសង្ឃ នៅវត្តខាងលើ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង មានព្រះសង្ឃ កូននេន កូនសិស្សលោក បានយកចំណីត្រី ទៅបាចនៅស្រះទឹក និងកូននេនតូចៗ លេងទឹកស្រះផង ស្របពេលនោះក្មេងរងគ្រោះ បានដើរទៅយកគម្របធុងទឹកកក ដាក់បណ្តែតទឹក ហើយឡើងជិះលេង ដោយមិនបានចាប់អារម្មណ៍ រហូតដល់ឃើញតែគម្របធុង មិនឃើញជនរងគ្រោះ ទើបឆោឡោ មុនអស់ចិត្តឡើងទៅរកតាមកុដិព្រះសង្ឃ តែមិនឃើញ ទើបសង្ស័យលង់ស្លាប់លិចបាត់ក្នុងទឹកស្រះ កាន់តែផ្អើលឆោឡោ នាំគ្នាចុះរាវរកតែមិនឃើញ រហូតដល់ស្នើសុំកម្លាំងកងទ័ពពិសេសឆ័ត្រយោង៩១១ ជួយអន្តរាគមន៍ បំពាក់ដោយឧបករណ៍ចុះរាវរក ឃើញសពក្មេងរងគ្រោះ ស្រង់ឡើងគោក ។

សពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនគណៈកម្មការវត្ត ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.