ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់បាក់ដៃឆ្វេង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះបុកគ្នាជាមួយម៉ូតូWinner ស្របទិសគ្នា កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ ឃុត លីន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិកំបូល សង្កាត់កំបូល មានទីលំនៅផ្ទះលេខ៧២ ភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1M-216 ជាមធ្យោបាយ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយម៉ូតូWINNER ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងដំណើរស្របទិសគ្នា បណ្តាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ បាក់ដៃឆ្វេង ម្ខាងទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ក្រុមគ្រួសារ ភាគីសងខាងទៅដល់ ធ្វើការសម្របសម្រួលគ្នាដោយយល់ព្រមព្យាបាលរបួស និងជួសជុលម៉ូតូរៀងខ្លួន ហើយជនរងគ្រោះរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព៕

អត្ថបទ៖ តាតុងសែនជ័យ

Share.