ខេត្តព្រះសីហនុ ៖ អភិបាលស្រុកព្រៃនប់ លោក អ៉ី ធារិន បានដាក់វិធានការ និងជូនដំណឹងទៅក្រុមហ៊ុន អេកូ ឡូខល សឺលូសិន ឱ្យអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាជាលើកទី២ ដោយត្រូវបង្កើនចំនួនមធ្យោបាយប្រមូល និងដឹកជញ្ជូនសំរាបឲ្យបានស្អាត បើមិនដូច្នោះទេនឹងលុបអាជ្ញាប័ណ្ណវិញ។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយតាមកិច្ចសន្យា ស្ដីពីការវិនិយោគលើអាជីវកម្មផ្តល់សេវាប្រមូល បោសសំអាត និងដឹកជញ្ជូនសំរាមសំណង់រឹង និងសំណល់សំណង់ របស់ក្រុមហ៊ុនខាងលើមានចំនួន០៩ឃុំ រួមមានឃុំទួលទទឹង ឃុំអណ្តូងថ្ម ឃុំសំរុង ឃុំវាលរេញ ឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំជើងគោ និងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរដ្ឋបាលស្រុកព្រៃនប់ និងក្រុមហ៊ុន អេកូ ឡូខល សឹលូសិន ឯ.ក។

លោកអភិបាលស្រុកបានបញ្ជាក់ថាមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន អនុវត្តកាតព្វកិច្ចពុំបានពេញលេញតាមកិច្ចសន្យាចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នោះឡើយដែលធ្វើឲ្យសំរាមគរនៅតាមទីផ្សារតាមដងផ្លូវនិងតាមលំនៅដ្ឋានប្រជាពលរដ្ឋ។

កន្លងមករដ្ឋបាលស្រុកព្រៃនប់បានចេញសេចក្តីជូនដំណឹងឲ្យ ក្រុមហ៊ុនអេកូ ឡូខល សឹលូសិន ប្រមូលសំរាម អនុវត្តកាតព្វកិច្ចពុំបានពេញលេញតាមកិច្ចសន្យា អំពីភាពយឺតយ៉ាវ រអាក់រអួលក្នុងការអនុវត្តកាតព្វកិច្ចការប្រមូល និងដឹកជញ្ជូនសំរាមចេញពីគេហដ្ឋាន ទីតាំងប្រកបអាជីវកម្មផ្សេងៗ ជាពិសេសនៅមុខផ្សារវាលរេញរបស់ក្រុមហ៊ុនប្រមូលសំរាមម្តងរួចហើយ ដោយសង្ឃឹមថាក្រុមហ៊ុនមានដំណោះស្រាយសមរម្យ ក្នុងការពន្លឿនការប្រមូល និងដឹកជញ្ជូនសំរាមតាមរយៈការពង្រឹងគុណភាពសេវាកម្ម និងបង្កើនចំនួនមធ្យោបាយប្រមូល និងដឹកជញ្ជូន។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋបាលស្រុកសង្កេតឃើញថា ក្រុមហ៊ុននៅពុំទាន់បានកែលម្អសេវាកម្មរបស់ខ្លួនឱ្យប្រសើរជាងមុន និងពេញលេញតាមកិច្ចសន្យាឡើយ។

ក្នុងនាមរដ្ឋបាលស្រុក – សូមរំលឹកដល់ក្រុមហ៊ុនប្រមូលសំរាមខាងលើនេះជាលើកទី២ សូមពិនិត្យ និងដោះស្រាយការប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងធានាថាគ្មានសំរាមនៅកកស្ទះទៀតនោះទេ បើមិនដូច្នោះរដ្ឋបាលស្រុកព្រៃនប់និងបញ្ចប់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមបន្តទៅទៀត៕

អត្ថបទ÷៖ ឈុន គឹមហៃ

