ក្រុម​កីឡាអេឡិចត្រូនិកកម្ពុជា See You Soon កក់កៅអីវគ្គ ៨ក្រុម​ចុង​ក្រោយ (Knockout Stage Bracket) នៅ​ក្នុង​ព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC x E-Sport World Cup ក្រោយឈរ​នៅ​លេខ២ ក្នុង​ពូល ចាញ់ ១ប្រកួត ឈ្នះ ២ប្រកួត។

ការឡើង​មក​កាន់​វគ្គ Knockout Stage Bracket នេះ​គឺ​ជា​ការ​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​របស់​ក្រុម​កម្ពុជា ក្នុង​ការ​ចូល​រួម​ជាលើក​ទី២ របស់​ក្រុម See You Soon ដោយ​លើក​ទី១ នៅ​ឆ្នាំ២០២២ ដែល​ប្រទេសម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្រុម​តំណាងកម្ពុជានេះ ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ១១ ក្នុង​ចំណោម​១២ក្រុម​ចូល​រួម។

ងាក​មក​ការប្រកួត​របស់​ក្រុម​តំណាង​កម្ពុជា See You Soon នៅ​ឆ្នាំ២០២៤នេះ បាន​ចាញ់​នៅ​ប្រកួតទី១ និងធ្វើ​បាន​យ៉ាង​ល្អ​ដោយ​​បាន​យកឈ្នះ​ក្រុម Fnatic ONIC ក្នុងលទ្ធផល ២-០ ដែល​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ និង​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ អារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងលទ្ធផល ២-០ ក្នុង​ថ្ងៃតែមួយ។

ជា​លទ្ធផល​ក្រុម See You Soon ឈរ​នៅ​លេខ២ ក្នុង​ពូលនិង​ដឹក​ដៃជាមួយ​ក្រុម Selangor Red Giants របស់​ម៉ាឡេស៊ី ឡើង​មក​កាន់​វគ្គ Knockout Stage។ សម្រាប់​ភារកិច្ច​បន្ត​របស់​ក្រុមតំណាង​កម្ពុជា ក្នុង​ការ​ប្រកួត MSC x E-Sport World Cup ដោយ​ត្រូវ​ជួប​ក្រុម​ខ្លាំង Falcons AP.Bren របស់​ហ្វីលីពីន នៅ​ថ្ងៃទី១១ កក្កដានេះ។

រំលឹក​ថា សម្រាប់​ក្រុម See You Soon កម្ពុជា គឺ​ជា​ក្រុម​ទី៤ ហើយ​ ដែល​បាន​បង្ហាញ​វត្តមាន​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កិឡាអេឡិច​ត្រូនិក​លំដាប់​ពិភព​លោក បន្ទាប់ពីក្រុម Diversity Helheim ក្រុម Impunity KH និងក្រុម BURN x FLASH ។

ខណ:កន្លង​មក​ក្នុង​ព្រឹត្តិការណ៍ MSC ចំនួន ៧លើក ក្រុម​តំណាង​កម្ពុជា ធ្លាប់​បាន​ចូល​រួម​ចំនួន ៤លើក​ប៉ុណ្ណោះ​គឺ៖

នៅ​ឆ្នាំ២០១៩៖ ក្រុម Diversity Helheim ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១២
នៅឆ្នាំ២០២១៖ ក្រុម Impunity KH ទទួលបានចំណាត់ថ្នាក់លេខ៦
នៅឆ្នាំ២០២២៖ ក្រុម See You Soon ទទួលបានចំណាត់ថ្នាក់លេខ១១
នៅឆ្នាំ២០២៣៖ ក្រុម BURN x FLASH ទទួលបានចំណាត់ថ្នាក់លេខ៤

កម្មវិធីប្រកួត វគ្គ ៨ក្រុម MSC x E-Sport World Cup៖

សម្រាប់​ជំនួប​វគ្គ ៨ក្រុម​ចុង​ក្រោយ​នេះ មកដឹង​ពី​ប្រវត្តិ​ខ្លះៗ​របស់ដៃគូ​ See you Soo កំពុង​តែ​ជោកជ័យ​នៅ​នាពេល​ថ្មីៗនេះ Falcons AP.Bren របស់ហ្វីលីពីន គឺ​ជា​ម្ចាស់​ជើង​ឯក ក្នុង​ព្រឹត្តិការណ៍ M5 World Championship ជាម្ចាស់​ជើងឯក Games of the Future 2024 និងជាជើងេក​រង​ MPL Philippines រដូវ​កាល​ទី១៣ មុន​ធ្វើ​ដំណើរ​មកកាន់ MSC ឆ្នាំនេះ។

ព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC x E-Sport World Cup សម្រាប់ប្រាក់​រង្វាន់​ក្រុម​ដែល​បាន​ចូល​រួម​ ក្រុម​ជម្រុះ Wild Card ទាំង ៧ក្រុម​ទទួល​បាន​ប្រាក់ក​រង្វាន់ ៣ ៦០០០ដុល្លារ ខណ:ក្រុម HomeBois បាន​ឡើង​ទៅកាន់​វគ្គ Group Stage។

ក្នុង​ចំណោម​ក្រុម​ទាំង ១៦​ដែល​ត្រូវ​ប្រកួត​ចំណាត់​ថ្នាក់​លេខ៩ ដល់​លេខ ១៦ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៥ ៦០០០ដុល្លារ លេខ៥ ដល់លេខ៨ ទទួល​បាន​ប្រាក់រង្វាន់ ១០​ម៉ុនដុល្លារ លេខ៣ ប្រាក់រង្វាន់ ២០ម៉ឺនដុល្លារ លេខ២ ៥០ម៉ឺនដុល្លារ ក្រុមជើងឯក ១លានដុល្លារ។

គួរបញ្ជាក់ផងដែរថា កាលប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.