សិល្បៈអន្តរជាតិ៖ តារាសម្ដែង​រូប​សង្ហា​របស់​កូរ៉េ ម្ចាស់​រហស្សនាម Big Boss ពីភាពយន្ត​ភាគ​កូរ៉េ​ដ៏ល្បី​ «ម្ចាស់​ព្រះអាទិត្យ» ជិត​ក្លាយ​ជា​ប៉ាប៉ា​កូន​ពីរ​ឆាប់​ៗ​នេះ​ហើយ​។

កាល​ពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន High Zium Studio បាន​ប្រាប់​កាសែត​ The Korea Times ថា ភរិយារបស់​លោក Song Joong Ki នាង Katy Louise Saunders កំពុង​តែ​ពពោះកូនទីពីរ​របស់​ពួក​គេ​។ កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​ ភរិយារបស់​លោក​បាន​ផ្ដល់​កំណើត​កូនប្រុស​ទីមួយ​ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ជាក់លាក់​ថ្ងៃ​សម្រាល ឬ​ព័ត៌មាន​ផ្សេងៗ​នៃ​ទារក​ទីពីរ​នេះ មិន​ត្រូវ​បា​នទម្លាយ​មក​ខាងក្រៅដោយ​ពួក​គេ​ចង់​រក្សា​ជា​ឯកជន​ភាព​។

រំលឹកឡើងវិញ​ Song និង​ ភរិយា Katy ស្គាល់គ្នា​តាម​រយៈ​ការ​ណែនាំ​ពីមិត្ត​ភក្តិតៗគ្នា ដោយ​ចំណងស្នេហា​ពួក​គេ​បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​០២២ ហើយ​នៅ​ដើមខែ​មករា ឆ្នាំ​២០២៣ អ្នក​ទាំង​ពីរ​បានចុះ​សំបុត្រ​អា​ពាហ៍ពិពាហ៍​។ ហើយ​នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ ដែល​កូនប្រុស​ច្បង​របស់​ពួកគេ​បាន​ចាប់​កំណើត​នៅ​លើ​ផែនដី​នេះ។

នៅ​ក្នុង​ឱកាស​ចូលរួម​សម្ពោធភាពយន្ត​ Hopeless តារា​រូប​នេះ​បាន​និយាយ​ក្ដីរំភើបថា៖ គាត់​គឺជា​កូ​នដំបូង​របស់​ខ្ញុំ​ ពួកខ្ញុំ​ទើប​តែ​បាន​ក្លាយ​ជា​ឪពុកម្ដាយ​គេ​លើក​ដំបូង ខ្ញុំ​មិន​ដឹង​សោះ​ថា​ក្មេង​ៗ​ឆាប់​ធំម្លឹង​។ ខ្ញុំ​ចង់​នៅ​ក្បែរ​កូន​​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់​​»

Share.