សេអ៊ូល៖ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែកក្កដា នេះថា តំបន់ចំនួន៣ របស់ប្រទេសកូរ៉េខាងត្បូងត្រូវបានរងការវាយប្រហារដោយភ្លៀងធ្លាក់ខុសពីធម្មតា ដែលភ្លៀងប្រភេទនេះ ជាធម្មតាឃើញមានម្តងកាលពីជាង ២០០ឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។

ទិន្នន័យរបស់នាយកដ្ឋានអាកាសធាតុបានបង្ហាញថា តំបន់ចំនួនបី បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងបំផុតនោះ មានដូចជា៖ តំបន់ Geumsan នៅ South Chungcheong តំបន់ Chupunnyeong នៅ North Chungcheong និងតំបន់ Gunsan នៅ North Jeolla។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះបានប្រាប់ AFP ថា «គ្រោះធម្មជាតិនេះមិនត្រូវបានផ្អែកលើកំណត់ត្រាចាស់ទេ» ដោយបន្ថែមថា «កំណត់ត្រាដំបូងបានចាប់ផ្តើមកាលពីឆ្នាំ១៩០៤»។

យ៉ាងណាម៉ិញ បើតាមការគណនាតាមតំបន់ បានបង្ហាញថា ព្រឹត្តិការណ៍បែបនេះ នឹងត្រូវបានគេរំពឹងថា នឹងកើតឡើងម្ដងទៀតក្នុងរយៈពេល ២០០ឆ្នាំ។

បរិមាណទឹកភ្លៀងនៅតំបន់ Gunsan មានកម្ពស់ ១៣១.៧មីលីម៉ែត្រ ក្នុងរយៈពេល ១ម៉ោង នៅព្រឹកថ្ងៃពុធ នេះ មានកម្រិតច្រើនជាង ១០ភាគរយនៃទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំ របស់តំបន់។

ទឹកទន្លេមួយចំនួនបានហក់ឡើងខ្ពស់ពីមាត់ច្រាំង ផ្លូវថ្នល់ ត្រូវបានជន់លិច ខណៈក្រសួងមហាផ្ទៃរបស់ប្រទេសបាននិយាយថា ជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់។

ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Lee Sang-min បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំសុំឱ្យប្រជាជនកុំទៅកន្លែងចតរថយន្តក្រោមដី ផ្លូវក្រោមដី និងផ្លូវទឹក អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងបែបនេះ»។

កូរ៉េខាងត្បូង តែងតែរងគ្រោះដោយទឹកជំនន់ អំឡុងរដូវមូសុងរដូវក្ដៅ ប៉ុន្ដែជាធម្មតាត្រូវបានត្រៀមលក្ខណៈបានយ៉ាងល្អ ហើយចំនួនអ្នកស្លាប់ជាទូទៅមានចំនួនទាប។

កាលពីខែកក្កដា ឆ្នាំមុន មនុស្សរាប់សិបនាក់បានស្លាប់នៅពេលដែលទឹកជំនន់បានលិចផ្លូវក្រោមដី ដោយទឹកបានហូរចូលលឿនខ្លាំងពេក ធ្វើឱ្យរថយន្តធ្វើដំណើរក្នុងផ្លូវនោះ មិនអាចមានពេលគ្រប់គ្រាន់ដើម្បីបើកចាកចេញ។ កាលពីឆ្នាំ២០២២ ប្រទេសនេះ បានរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយសម្លាប់មនុស្ស ១១នាក់។

រដ្ឋាភិបាលបាននិយាយនៅពេលនោះថា ទឹកជំនន់ឆ្នាំ២០២២ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាអាកាសធាតុទីក្រុងសេអ៊ូល បានចាប់ផ្តើមកាលពី ១១៥ឆ្នាំមុន ដោយបានដាក់បញ្ហាទៅលើការប្រែប្រួលអាកាសធាតុ។

សូមជម្រាបថា បើតាមអ្នកវិទ្យាសាស្ត្រ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុជុំវិញពិភពលោក មានការលំបាកកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងមុន៕

ប្រភព៖ CNA

Share.