យោងតាម​ការបង្ហោះ​របស់​ផេក ក្រុម​ព្រះសូរិយា បាន​បង្ហាញ​នូវ​សំណេរ​មួយ​ដែល​មាន​ខ្លឹមសារ​គាំទ្រ​និង​កោតសរសើរ​ចំពោះ​ បណ្ឌិតច្នៃម៉ូដ ឯម រៀម ដែល​បាន​រក​នឹក​ឃើញ​វិធី​ជួយ លើកតម្កើងដល់ការងារហត្ថកម្ម ជា​ពិសេស​បងប្អូន​សិប្បកម្ម​ត្បាញក្រណាត់​ជូតជើង​ ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​កាន់​តែមាន​ទីផ្សារ​ជាងមុន​។

ត្បិត​តែ​ការ​លើក​ឡើងរបស់​ក្រុម​ព្រះសូរិយាបាន​រៀបរាប់​ ពិត​ជា​ល្អ​និង​គួរ​ទទួល​យក​បាន​ក្ដី ប៉ុន្តែបើ​មើល​តាម​មតិ​ឆ្លើយ​តប​ចំពោះ​ការ​បង្ហោះ​របស់​ក្រុម​ព្រះសូរិយា មាន​អ្នក​មិន​គាំទ្រ​ច្រើន​ជាង​អ្នក​គាំទ្រគំនិត​នេះ​ ដោយ​ម្នាក់​ហាក់​មិន​គាំទ្រ​ចំពោះ​អំពើនិង​ទង្វើ​របស់​លោក​បណ្ឌិត ច្នៃម៉ូដ ឯម រៀម នោះ​ឡើយ ដោយ​ពួកគេ​យល់​ថាមានវិធីសាស្ត្រ​ និង​យុទ្ធសាស្ត្រ​ផ្សេងទៀត ដែល​អាច​ជួយផ្សព្វផ្សាយ​បាន ដោយ​មិន​ចាំ​បាច់​យក​ក្រណាត់​ជូត​ជើង​មក​ចង​ជា​អាវដូច្នេះ​ឡើយ​។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​លើក​ឡើង និង​ជា​មតិរបស់​ផេក ក្រុម​ព្រះសូរិយា បាន​លើក​ឡើងទាំងស្រុង​ជុំវិញ​ករណី​ក្ដៅ​គគុក​រឿង​ បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម៖

«សូមអរគុណដល់សិល្បករ ឯម រៀម ដែលបានជួយលើកតម្កើងដល់ការងារហត្ថកម្ម របស់បងប្អូនដែលប្រកប​របរ​បើក​ សិប្បកម្មត្បាញក្រណាត់ជូតជើង ដែលច្នៃចេញពីសំណល់ក្រណាត់ដែល រោងចក្រកាត់ដេរសម្លៀកបំពាក់ ជាច្រើន បានបោសចោល និងត្រូវបានបងប្អូនប្រជាសិប្បករ​ នៅតាមសហគមន៍មួយចំនួនបាន ត្បាញលក់ធ្វើជាក្រណាត់ជូតជើង ដែលវាបានជួយធ្វើអោយជីវភាពតបស់ប្រជាជនដែលប្រកបរបបត្បាញ កាន់តែមានទីផ្សារជាងមុន ។

ជាការពិតណាស់ សព្វថ្ងៃនេះ អ្វីៗជាច្រើនដែលប្រជាជនខ្មែរ នៅតាមសហគមន៍នានា បានធ្វើ នឹងកែច្នៃកាកសំណល់ផ្សេងៗជាច្រើន ប្រែក្លាយជារបស់មានប្រយោជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្មី​ ប៉ុន្តែរបស់ប្រើប្រាស់ទាំងអស់មិនបានទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជននោះទេ ។

លុះត្រាតែមានព្រឹត្តិការណ៍សង្គមណាមួយកើតឡើង ជាពិសេសបណ្តាញសង្គមFace Book នេះតែម្តងទើបធ្វើអោយមហាជនចាប់អារម្មណ៍ នឹងលើកតម្កើងបានឆាប់ និងមានការគាំទ្របាន។ គ្រប់គ្នាគួរតែជួយគ្នាលើកតម្កើងផលិតផលដែលបានផលិតដោយដៃរបស់ប្រជាជនខ្មែរអោយបានកាន់តែល្អប្រសើរ។»

Share.