បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ នេះ បានកំណត់យកថ្ងៃទី២៤ ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់ សម្រាប់សំណុំរឿងស្វែងរកការបណ្តេញចេញពីតំណែង នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ខណៈដែលតុលាការកំពុងស្វែងរកភស្តុតាងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។

តុលាការ ​បាន​និយាយ​នៅ​ដើម​ខែ​នេះ​ ថា សំណុំ​រឿង​នេះ​នឹង​ឈាន​ដល់​ការ​ប្រកាស​សាលក្រម​មុន​ខែ​កញ្ញា ខាងមុខនេះ។

សំណុំ​រឿង​ប្រឆាំង​នឹង​លោក ស្រេតថា ត្រូវ​បាន​ចាប់ផ្តើម ​បន្ទាប់ពីមានបណ្តឹងរបស់​សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន ៤០នាក់ ​កាលពីខែឧសភា ដែលត្រូវបានបញ្ជូនបន្តដោយ​តុលាការធម្មនុញ្ញ។

សំណុំ​រឿង​នេះ មានគោលបំណង​​ដកតំណែងនាយក​រដ្ឋមន្ត្រីឋ ជុំវិញការតែងតាំងមេធាវីម្នាក់ លោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគារពីបទមើលងាយតុលាការ ឱ្យធ្វើជារដ្ឋមន្រ្តីទីស្ដីការនាយករដ្ឋមន្រ្តី។ បណ្ដឹងនោះចោទថា លោក Pichit ខ្វះ​ក្រមសីលធម៌ និង​សុចរិតភាពសម្រាប់ធ្វើជា​រដ្ឋមន្ត្រី ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប៉ុន្ដែចាប់តាំងពីពេលនោះមក លោក Pichit បានលាលែងពីតំណែងរួចទៅហើយ ដើម្បីការពារលោក ស្រេតថា មិនឱ្យពាក់ព័ន្ធនឹងសំណុំរឿងរបស់តុលាការ តែលោក ស្រេតថា បានបដិសេធថា មិនបានប្រព្រឹត្តខុសនោះទេ។

ប្រសិនបើ លោក ស្រេតថា ដែលជាអ្នកនយោបាយថ្មី ត្រូវបានដកចេញពីតំណែងនោះ រដ្ឋាភិបាលថ្មីត្រូវតែបង្កើតឡើង ហើយគណបក្សភឿថៃ ដែលកំពុងកាន់អំណាចរបស់លោក នឹងត្រូវដាក់បេក្ខភាពថ្មីសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដើម្បីទទួលការបោះឆ្នោតពីសភា។

យ៉ាងណាម៉ិញ សំណុំរឿងប្រឆាំងនឹងនាយករដ្ឋមន្ត្រី កំពុងត្រូវបានស៊ើបអង្កេត រួមជាមួយនឹងបណ្តឹងមួយទៀតដែលទាមទារឱ្យរំលាយគណបក្សប្រឆាំង Move Forward ដែលជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន និងជាគណបក្សធំជាងគេនៅក្នុងសភាផងដែរ។

ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគ បាននិយាយថា ករណីទាំង២នេះ បានបង្កើតភាពមិនច្បាស់លាស់ខាងផ្នែកនយោបាយនៅក្នុងប្រទេសថៃ៕

ប្រភព៖ CNA

Share.