ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា មនុស្សជាង ១៣០នាក់ រួមទាំងអ្នកទេសចរផងនោះ ត្រូវបានជាប់គាំងនៅក្នុងតំបន់ទីបេ របស់ប្រទេសចិន ក្បែរជួរភ្នំហិម៉ាឡៃយ៉ាន ជាព្រំដែនដ៏រឹងមាំរបស់ប្រទេសចិន ជាមួយប្រទេសនេប៉ាល់ នាថ្ងៃពុធ នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ឥតឈប់ឈរ បានបង្កការរអិលបាក់ដី និងទឹកជំនន់ ដោយកាត់ផ្តាច់ផ្លូវថ្នល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា ផ្នែកជាច្រើននៃផ្លូវហាយវេ ដ៏សំខាន់មួយ ឆ្ពោះទៅកាន់ទីប្រជុំជនទីបេដាច់ស្រយាល គឺតំបន់ Zhentang ត្រូវបានទឹកជំនន់ហូរនាំយកទៅ ដោយមិនអាចធ្វើដំណើរបាន ព្រោះតែការរអិលបាក់ដី ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃអាទិត្យ មក។

រហូតមក​ទល់​ថ្ងៃពុធ ​នេះ មនុស្ស​ចំនួន ៣៤២​នាក់​ដែល​ជាប់​គាំង​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ក្រុង​ផ្សេង​ទៀត​ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ។ ប៉ុន្តែយ៉ាងហោចណាស់ នៅសល់ប្រជាជន រួមទាំងអ្នកទេសចរជាង ១៣០នាក់ នៅតែជាប់គាំងនៅជុំវិញតំបន់ Zhentang ដែលស្ថិតនៅរយៈកម្ពស់ប្រហែល ២,០០០ម៉ែត្រ ដោយសារតែផ្លូវស្ទះ ភ្លៀងធ្លាក់ខ្លាំង និងកត្តាអស់កម្លាំង ព្រោះតែធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីអាចចេញពីទីតាំងរងគ្រោះនោះបាន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានព្រមានថា ព្យុះនៅក្នុងតំបន់អាចបន្ដអូសបន្លាយរហូតដល់ថ្ងៃព្រហស្បតិ៍ នឹងធ្វើឱ្យការជួយសង្រ្គោះកាន់តែលំបាក។

យោងតាមអ្នកព្យាករណ៍អាកាសធាតុជាតិ បានឱ្យដឹងថា ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នឹងបន្ដកើតមាននៅក្នុងភាគនិរតីនៃប្រទេសចិន រួមទាំងផ្នែកខ្លះនៃតំបន់ទីបេ Sichuan និង Yunnan៕

ប្រភព៖ Reuters

Share.