បន្ទាយមានជ័យ៖ កម្លាំងចម្រុះត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត នៅតាមភូមិដែលជាប់តាមមាត់អូរ ដែលស្ថានភាពទឹកអូរព្រំដែនកម្ពុជាថៃ កំពុងហក់ឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា នៅក្នុងក្រុងប៉ោយប៉ែត ផង និងហូរស្រុងមកពីប្រទេសថៃផងដែរ។

ការត្រៀមលក្ខណៈ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ នៅព្រឹក ថ្ងៃទី05 ខែកញ្ញា ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ទី៥ និងលោកឧត្តមសេនីយ៍ ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ប៊ោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ង៉ោ ម៉េងជ្រួន អភិបាល អភិបាលរងខេត្តបន្ទាយមានជ័យ លោកអភិបាលប៉ោយប៉ែត និងកងកម្លាំងនគរបាលព្រំដែន អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត  អញ្ជើញចុះត្រួតពិនិត្យលើភូមិសាស្រ្ត ជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិស្ទឹង បត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងភូមិសាស្រ្តផ្សេងទៀតតាមមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាពលជួបគ្រោះធម្មជាតិដោយយថាហេតុ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ដើម្បីថែរក្សាសុវត្ថភាពដល់ប្រជាពលរដ្ឋ  អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះ ប្រកាសប្រកាសណែនាំឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ថែទាំកូនចៅលែងទឹកក្នុងពេលទឹកកំពុងតែហក់ឡើង ប្រុងប្រយ័ត្នសត្វអសិរពិស និងរៀបចំរបស់របរដើម្បីត្រៀមជម្លៀសមកទីទួលសុវត្ថិភាព។

ទន្ទឹមនឹងនោះ អាជ្ញាធរ រួមទាំងកងកម្លាំងក៏បាន កាយបង្ហូរទឹកដើម្បីបញ្ចៀសទឹកជំនន់ទឹកភ្លៀងរួចហើយដែរ តែការត្រៀមលក្ខណៈទុកមុនក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនេះ ក្រែងលទឹកឡើងហក់ខ្លាំងជាយថាហេតុ និងត្រៀមទីទួលសុវត្ថភាពជូនពួកគាត់ផង ដែរ ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.