ភ្នំពេញ ៖ រថយន្តម៉ែកសឺដេសមួយគ្រឿងបើកបរដោយជនបរទេស បើកលឿនបត់ត្រឡប់ក្រោយ ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿងហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ែកសឺដេស ពណ៌ស ពាក់ស្លាកលេខ កម្ពុជា BANZ7 . 89 បើកបរដោយបុរសជនបរទេស ពីកើតទៅលិចល្បឿនលឿន ដល់ចំណុចកើតហេតុ បត់ឆ្វេងត្រឡប់ក្រោយវឹង ធ្វើឱ្យម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KK-2667 ជិះឌុបគ្នា២នាក់ ពីលិចទៅកើតហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ សន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្តនិងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.