នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមនិស្សិតអាហារូបករណ៍ទៅសាធារណរដ្ឋឆេក និងជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយ នឹងនិស្សិតជ័យលាភីអាហារូបករណ៍ ដែលសម្ដេចចាត់ទុកដូចជាកូនៗ ជាចៅៗ មុននឹង​ត្រូវចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋឆេក និងជប៉ុន ទាំង៤០រូប។ សម្តេច មានប្រសាសន៍បន្តថា សម្តេចពិតជាមានមោទនភាពណាស់ចំពោះមរតកដ៏ធំ ដែលសម្តេច បានខិតខំតស៊ូ និងលះបង់កម្លាំងកាយចិត្ត អស់រយៈជាង៤៥ឆ្នាំ គិតតាំងពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា រួចបន្តខិតខំកសាង និងថែរក្សាសន្តិភាព និងការអភិវឌ្ឍ ជាពិសេស គឺការសម្រេចបាននូវការការអភិវឌ្ឍធនធានមនុស្សដែលជាការតាំងចិត្តរបស់សម្តេច។
សម្ដេចតេជោបានលើកឡើងថា ក្នុងដំណាក់កាលដែលសម្ដេចជាជារដ្ឋមន្រ្តីក្រសួងការបរទេស និងនាយករដ្ឋមន្ត្រី ទាំងសកម្មភាពនៅក្នុងប្រទេសនិងបំពេញទស្សនកិច្ចនៅក្រៅប្រទេស សម្តេចតែងតែស្វះស្វែងអំពាវនាវរកអាហារូបករណ៍ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា បានចេញទៅបន្តការសិក្សានៅក្រៅប្រទេស ងអាហារូបករណ៍នៅក្រៅប្រទេស។


សម្តេចតេជោ បានរំលឹកពីការសម្រេចដាក់ចេញនូវគោលនយោបាយ “ឃុំមួយ អនុវិទ្យាល័យមួយ” នៅ ឆ្នាំ២០០២ ហើយ បច្ចុប្បន្ននេះ យើងឈានមកដល់កម្រិត “ឃុំមួយមានអនុវិទ្យាល័យមួយយ៉ាងតិច” និងពីជំនាន់ស្រុកមួយ មានវិទ្យាល័យតែ១ រហូតដល់ស្រុក១ អាចមានវិទ្យាល័យរហូត១០។ នេះគឺជាមរតកតេជោ ពិតប្រាកដណាស់ ដែលធ្វើឱ្យសិស្សានុសិស្សទាំងអស់ ជាពិសេសសិស្សនារីបានបន្តការសិក្សាមានតុល្យភាពជាមួយនឹងសិស្សប្រុស។

សម្ដេចតេជោបានចាត់ទុកថា បច្ចុប្បន្ននេះ ការចេញទៅសិក្សានៅបរទេសរបស់ចៅៗ មានលទ្ធភាព និងស្ថានភាពល្អប្រសើរជាងជំនាន់មុន និងមានប្រព័ន្ធទំនាក់ទំនងទំនើប និងងាយស្រួលទាក់ទងមកផ្ទះ និងគ្រួសារ ដែលខុសប្លែកពីពេលមុន យើងមានការលំបាក។ បន្ទាប់ពីសល់ពីការស្លាប់ពីរបបប៉ុលពត និស្សិតតិចតួចដែលត្រូវបញ្ជូនទៅសិក្សានៅក្រៅប្រទេស។

បន្ទាប់ពីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ដែលតែងយកចិត្តទុកដាក់ចំពោះនិស្សិត និងបានចំណាយពេលវេលាដ៏មានតម្លៃ​អនុញ្ញាតឱ្យចូលជួប និងទទួលយកអនុសាសន៍ និស្សិតជ័យលាភីអាហារូបករណ៍ទាំង២ប្រទេស បានសម្តែងនូវការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីប្រទេសកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងមានទំនាក់ទំនងជាមួយអន្តរជាតិ យ៉ាងទូលំទូលាយ ដែលបង្កជាឱកាសឱ្យនិស្សិតទាំងអស់ អាចរៀនសូត្របានទាំងក្នុង និងក្រៅប្រទេស។ និស្សិតជ័យលាភីទាំងអស់ បានធ្វើការប្តេជ្ញាចិត្តចិត្ត នឹងខិតខំរៀនសូត្រឱ្យបានជោគជ័យ ដើម្បីយកចំណេះដឹង និងជំនាញមកវិញ ធ្វើឱ្យគ្រួសារមានមោទនភាព ព្រមទាំងប្តេជ្ញាចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែរីកចម្រើន។ និស្សិតជ័យលាភីទាំងអស់ ក៏បានប្តេជ្ញាខិតខំផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ ប្រទេសកម្ពុជា និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅដល់ប្រទេសជប៉ុន ឆេក និងជាមួយមិត្តភក្តបរទេស ដើម្បីបង្កើនកិត្យានុភាពកម្ពុជា។

សម្ដេចតេជោ បានមានប្រសាសន៍ថា ​ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា មានភាពជឿនលឿន គួរជាទីមោទនៈ និងត្រូវបន្តជំរុញបន្ថែមទៀត។ សម្តេច បានបន្តថា សម័យកូវីដ១៩ បានជំរុញល្បឿននៃបរិវត្តកម្មឌីជីថលនៅកម្ពុជា កាន់តែលឿន ដូចជាការទូទាត់តាមអនឡាញ និងការបង្រៀនតាមអនឡាញ ដែលផ្តល់ឱកាសដល់ការសិក្សា និងធ្វើការតាមអនឡាញបានទាំងប្រជាជនផង និងអ្នកជាប់ក្នុងប្រទេសកម្ពុជាផង។

សម្តេចតេជោក៏បានកោតសរសើរប្រព័ន្ធទំនាក់ទំនង Cool app ដែលជាស្នាដៃរបស់កូនខ្មែរ ពិតជាងាយស្រួលប្រើប្រាស់ មានល្បឿនលឿន និងប្រើអ៊ីនធើណេតតិចជាងប្រព័ន្ធដទៃ។ ប្រព័ន្ធទំនាក់ទំនង Cool app មិនមែនជាស្នាដៃដំបូងនោះទេ កន្លងមកកូនខ្មែរធ្លាប់បានបង្កើត ប្រព័ន្ធទំនាក់ទំនង របៀបនេះជាច្រើនបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានជោគជ័យដូច Cool app នោះទេ ដែលបង្ហាញថា អ្វីៗក៏ដោយត្រូវតែគិតគូរអភិវឌ្ឍជាប្រចាំ ដើម្បីទទួលបានលទ្ធផលដែលកាន់តែល្អប្រសើរ។

សម្តេចតេជោបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស នឹងនៅតែជាវិស័យអាទិភាពចម្បងគ្រប់ដំណាក់កាលសម្រាប់ប្រទេសកម្ពុជា។ នៅពេលបច្ចុប្បន្ន ដែលបច្ចេកវិទ្យាដើរលឿនរហ័ស និងមានការព្រួយបារម្ភពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលអាចនាំមហន្តរាយ គឺសុទ្ធតែត្រូវការបន្តអភិវឌ្ឍធនធានមនុស្ស ព្រោះថាទោះជាប្រព័ន្ធបច្ចេកវិទ្យាទំនើបខ្លាំងក្លា ក៏គង់តែដំណើរការបានដោយសារមនុស្ស គឺមនុស្សជាអ្នកបញ្ជាលើបច្ចេកវិទ្យា មិនមែនបច្ចេកវិទ្យាមកបញ្ជាមនុស្សវិញនោះទេ។
សម្តេចតេជោបានចែករំលែកនូវទស្សនៈដ៏សំខាន់មួយថា នៅក្នុងពិភពលោកនេះ យើងមិនអាចកាត់បន្ថយគម្លាតទ្រពសម្បត្តិបាននោះទេ, ប៉ុន្តែកត្តាមួយដែលយើងអាចកាត់បន្ថយគម្លាតបាន គឺកាត់បន្ថយគម្លាតខួរក្បាល ឬការចេះដឹងនេះឯង។ សម្តេចមានប្រសាសន៍បន្តថា មិនថាតែនៅក្នុងប្រទេសយើង ឬប្រទេសដទៃនោះទេ កូនអ្នកមាន ឬកូនអ្នកក្រ គឺបានចូលរៀនដូចគ្នា ដូចនេះអ្វីដែលសំខាន់គឺការផ្តល់ឱកាសឱ្យក្មេងបានរៀន កត្តាសន្តិភាព និងកត្តាគោលនយោបាយគណបក្សដឹកនាំប្រទេស ដែលត្រូវតែពង្រាយសាលារៀន និងពង្រីកឱកាសរៀនសូត្រឱ្យបានគ្រប់ទីកន្លែង។ សម្តេច បញ្ជាក់ថាទ្រព្យសម្បត្តិ សំខាន់មិនស្មើទ្រព្យវិជ្ជានោះទេ “ចំណេះវិជ្ជា កណ្តៀរក៏មិនកោរ កណ្តុរក៏មិនកាត់”។ នៅសម័យប៉ុលពត ទោះបីជាពួកគេបំផ្លាញរាល់ទ្រព្យសម្ប្តិប្រជាជនអស់ ប៉ុន្តែ ចំណេះវិជ្ជាក្នុងខួរក្បាលប្រជាជននៅសល់ដែរ ហើយយើងបានរួមគ្នាអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។ កត្តាធនធានមនុស្សនេះហើយ ធ្វើឱ្យកម្ពុជា មានការអភវឌ្ឍ និងសន្តិភាព រហូតមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជាង២ទស្សវត្ស៍ ។ ​ទោះបីជាមាន​ វិបត្តិកូវីដ១៩ និងសង្រ្គាមនៅអឺរ៉ុប និងមជ្ឈឹមបូព៌ា និង បញ្ហាសេដ្ឋកិច្ច ដែលបណ្ដាលពីវិបត្តិផ្សេងៗក៏ដោយ ក៏យើងពេញចិត្តនូវកំណើនសេដ្ឋកិច្ចរបស់យើង។ ការព្យាករណ៍របស់ IMF និង ADB បានបង្ហាញថា កម្ពុជាមានកំណើនខ្ពស់ក្នុងតំបន់អាស៊ាន ផងក្នុងឆ្នាំ២០២៤នេះ។

សម្ដេចតេជោនៅតែចាត់ទុកថាការបណ្ដុះបណ្ដាលធនធានមនុស្សជាផ្នែកសំខាន់ ជាពិសេស រាជរដ្ឋាភិបាល​ បច្ចុប្បន្ន កំពុងតែបណ្ដុះបណ្ដាលធនធានមនុស្ស១លាន៥សែននាក់ ដើម្បីបម្រើតម្រូវការទីផ្សារនៅក្នុងស្រុកនិងនៅក្រៅស្រុក ខណៈពេលដែល ប្រទេសកម្ពុជាធ្វើពិពិធកម្មទីផ្សារ និងជាប្រទេសនាំចេញ នៅក្នុងក្របខ័ណ្ឌទ្វេភាគី ​(ពាណិជ្ជកម្ម​ជាមួយអឺរ៉ុប និងអាមេរិក ​កិច្ចព្រមព្រៀងសេរីជាមួយចិន កូរ៉េខាងត្បូង និងអារ៉ាប់អេមីរ៉ាត់) និង ពហុភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ RCEP) ។ ក្រៅពីនេះ យើងនៅមានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ជាមួយបណ្តាប្រទេសជាដៃគូច្រើនទៀត ដែលនឹងត្រូវជំរុញឱ្យឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។

សម្តេចតេជោ បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតទាំងអស់ថា ៖

➢ ត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បី​អភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។
➢ ត្រូវតែប្រឹងរៀន គោរពច្បាប់ (បទបញ្ជាផ្ទៃក្នុងសកលវិទ្យាល័យ) ត្រូវគោរពឱ្យល្អ និងសកម្មបន្ថែមទៀត ត្រូវគោរពប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសគេ ព្រមទាំង ត្រូវព្យាយាមប្រាស្រ័យទាក់ទង កសាងសាមគ្គីភាព មិត្តភាពជាមួយគ្រូ និងមិត្តភក្តបរទេស និងត្រូវមានសីលធម៌ល្អ មានវិន័យ និងការទទួលខុសត្រូវខ្ពស់ ព្រោះនិស្សិតគ្រប់រូបនឹងដើរតួជា “អ្នកការទូត” របស់កម្ពុជា ដូច្នេះ ត្រូវផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អរបស់កម្ពុជាយើង ។
➢ និង ត្រូវខិតខំរៀនភាសាបរទេស ឱ្យបានច្រើន កាន់តែល្អ ចាប់យកចំណេះវិជ្ជាផង និងភាសាផង។
ជាទីបញ្ចប់ សម្តេចតេជោ បានជូនពរនិស្សិតជ័យលាភីអាហារូបករណ៍ ទទួលបានជោគជ័យក្នុងការសិក្សា មានសេចក្តីសុខសុភមង្គល និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត
ឡើយ។

Share.