សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការនៃការប្រកួតយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកងអាស៊ីលើកទី២ នៅ​វិមានពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក រាជធានីភ្នំពេញ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមម្ចាស់ផ្ទះសូមស្វាគមន៍ដល់គ្រប់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ដែល​បានអញ្ជើញ​ចូល​រួម​ព្រឹត្តិការណ៍​ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២នៅកម្ពុជា។ សូមជូន​ពរ​ដល់​កីឡាករ​កីឡាការិនីកម្ពុជាឱ្យទទួលបានជោគជ័យ។ ក្នុងស្មារតីកីឡា និងសាមគ្គីភាព សូម​អត្តពលិក​ទាំង​អស់ ខិតខំប្រកួតតាមលក្ខណៈបច្ចេកទេសនៃយុទ្ធគុនចម្រុះ និងលេងដោយយុត្តិធម៌ ដោយ​ឈរ​លើ​គុណតម្លៃអូឡាំពិក។

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២ ដែល​កម្ពុជា​ធ្វើម្ចាស់​ផ្ទះ​នាពេល​នេះ មានប្រតិភូកីឡា និងអត្តពលិកសរុបមានចំនួន ២៣៣នាក់ដែលមកពីប្រទេសចំនួន១៥ និង ៣តំ​បន់ ក្នុងនោះ ប្រទេសដែលបញ្ជូនអត្តពលិកចូលរួមមាន ១២ប្រទេស រួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុង​ហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី។ រីឯ៣តំបន់ គឺ ចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ។

ការប្រកួតនេះធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ដែលមានរយៈពេល ០៣ថ្ងៃ គិត​ចាប់ ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះកម្ពុជាបានត្រៀមអត្តពលិក ១៦រូប​ចូល​រួមប្រកួត ក្នុងនោះរួមមានកីឡាករ ហ៊ុន ចាន់រាជ, ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន៕

ប្រភព៖ AKP

Share.