
«ហូបឆ្អែត មានកម្លាំងរៀន និងកាត់បន្ថយចំណាយ» ជាប្រធានបទ នៃកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលវានឹងក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញមួយគ្រប់គ្រងទាំងស្រុងដោយរដ្ឋ។
សាលាបឋមសិក្សាល្វា ស្ថិតក្នុងភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងសាលាបឋមសិក្សាជ្រៃ ស្ថិតនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប សាលាទាំងពីរនេះស្ថិតក្នុងចំណោមសាលាគោលដៅទាំង ៥៥៣ ដែលកំពុងអនុវត្តកម្មវិធីផ្ដល់អាហារពេលព្រឹកដល់កូនសិស្ស។

នាយកសាលាបឋមសិក្សាល្វា លោកគ្រូ ហ៊ុំ សុវណ្ណា លើកឡើងថា កម្មវិធីផ្ដល់អាហារពេលព្រឹកនេះ មានសារៈសំខាន់ណាស់ក្នុងការទាក់ទាញកុមារឲ្យចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សា កុមារទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលផ្ដល់ផលជាវិជ្ជមាន ដល់ការសិក្សា និងការលូតលាស់នៃរាងកាយ ទាំងអស់នេះវាជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតក្មេងៗ។

អ្នកគ្រូ ហ៊ីង សុរុន បញ្ជាក់បន្ថែមថា ការជ្រើសរើសមុខម្ហូបសម្រាប់កូនសិស្ស គឺត្រូវជ្រើសរើសយកតែមុខម្ហូបណា ដែលមានទាំងសាច់ និងបន្លែ ផ្ដល់នូវសារជាតិចិញ្ចឹមដល់ក្មេង។ សម្រាប់បន្លែង ត្រី សាច់ ក៏ត្រូវពិនិត្យពិច័យយកតែរបស់ស្រស់ៗល្អតែប៉ុណ្ណោះ ដើម្បីធានាសុខភាពក្មេងៗ។
ព្រឹកម៉ោង៦មកដល់សាលា មានអាហារហូបឆ្ងាញ់ មានកម្លាំងរៀន ម្នាក់ៗ ហាក់ដូចជាស្វាហាប់ និងក្លាហានណាស់។ ពួកគេក៏តែងប្រកាន់ខ្ជាប់នូវសីលធម៌ និងវិន័យដែលលោកគ្រូអ្នកគ្រូតែងប្រៀនប្រដៅជានិច្ច។

ជាសិស្សថ្នាក់ទី ៣ ក សាលាបឋមសិក្សាល្វា ជិន វ៉ាន់ធី ដោយមាន សែម សិរីបញ្ញាសិទ្ធិ និងសឿម ស្រីណែត ជាមិត្តភ័ក្ដិជួយបោះព្រីយ៉ុងឲ្យផងនោះ ប្រាប់ពូអ្នកសារព័ត៌មានថា ពេលពួកគេញ៉ាំបាយរួចហើយ មានកម្លាំងរៀន ប៊ឹប! ប៊ឹប! តែម្ដង។ ពួកថា ចង់ញ៉ាំបាយឆ្ងាញ់ៗ រាល់ថ្ងៃ។ ហើយស្នើឲ្យ លោកគ្រូ អ្នកគ្រូ និងអ្នកឧបត្ថម្ភផ្ដល់អាហារឆ្ងាញ់ៗឲ្យដល់ពួកគេបានទទួលទានរាល់ថ្ងៃ។
សាលាបឋមសិក្សាល្វា និងសាលាបឋមសិក្សាជ្រៃ សុទ្ធតែស្ថិតនៅតំបន់ដាច់ស្រយាល ដែលសិស្សភាគច្រើនជាកូនចៅមកពីគ្រួសារមានជីវភាពមិនសូវធូរធារ ហើយក្មេងខ្លះកំព្រាផង។ ដូច្នេះអាហារូបត្ថម្ភ ជាពិសេសនៅពេលព្រឹក គឺមានសារសំខាន់ណាស់ ដើម្បីឲ្យកុមារហូបឆ្អែត មានកម្លាំងពលំរៀនសូត្រ ហើយវាបានជួយសម្រួលបន្ទុកគ្រួសារជនបទ ដោយភាគច្រើននៃពួកគេមិនសូវគិតគូរពីអាហារពេលព្រឹកនោះទេ។


ជាចុងភៅចម្អិនអាហារឲ្យក្មេងផង និងជាម្ដាយសិស្សផង បានប្រាប់ថា ប្រភពម្ហូបអាហារដែលចម្អិនឲ្យក្មេងៗបរិភោគ គឺបានមកពីសហគមន៍នៅក្នុងមូលដ្ឋាន ដែលមានដូចជា ត្រី សាច់ និងបន្លែបង្ការ ដាំដោយអ្នកស្រុកផ្ទាល់។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួនជាង ១៥ម៉ឺននាក់ និងចុងភៅ ១ ៥១៨នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣ – ២០២៤ ដោយបានចំណាយថវិកាជាង ៥លាន៥សែន ៦ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖ ឈិន ធារ៉ាត់

