អត្តពលិកកម្ពុជា ៣រូបលើ ២ប្រភេទកីឡា នឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ 2024 Summer Olympics នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងចាប់ផ្ដើមនៅចុងខែកក្កដា នេះ។

អត្តពលិក ៣រូបរបស់កម្ពុជា ក្នុងនោះមានម្ចាស់មេដាយមាស កីឡាស៊ីហ្គេម នៅកម្ពុជា កីឡាករអត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែលទឹកមានកីឡាករ កីឡាការិនី ២រូប គឺកីឡាករ កូសុង ដឺ ឡាបរ៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ អ្នកទាំង៣ ទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។
សម្រាប់ដំណើរទៅកាន់ទីក្រុមប៉ារីស ប្រទេសបារាំង អត្តពលិកកម្ពុជាទាំង ៣រូប នឹងចាកចេញពីរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ដោយពិធីបើកចូលរួមដោយឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន និង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈដែលពិធីបិទការប្រកួត ចូលរួមដឹកនាំប្រតិភូចូលរួមដោយ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គហេរញ្ញិក នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ដែលជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិ ដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងរាល់ ៤ឆ្នាំម្តង ដែលនេះគឺការប្រកួតលើកទី៣៣ហើយ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympicsលើកទី៣៣ គ្រោងដំណើរការពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងគ្រោងធ្វើពិធីបិទបញ្ចប់នៅថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដែលគ្រោងដាក់កីឡាចំនួន៣២ប្រភេទកីឡា មាន ៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕


