ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ថា ខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀងនៅក្នុងសប្តាហ៍នេះ។
បណ្តាខេត្តទាំងនោះរួមមាន៖ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។

បើតាមក្រសួងធនធានទឹកនៅក្នុងសប្ដាហ៏ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពល៖
-ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង
-ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង
-ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ
-ខ្យល់សមុទ្រ ( Sea Breeze )
-វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅ ប្រទេស វៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១–បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C
– ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទន្ទឹមនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល ,ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។
២– បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣–តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ ។
ក្រសួងធនធានទឹក បានអំពាវនាវសូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះ បាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕


