អ្នក​ប្រដាល់​គុនខ្មែរ ម៉ឺន មេឃា ត្រូវ​ជា​កូន​ប្រុស​របស់​​លោក អេ ភូថង បាន​រង​បរាជ័យ​ត្រឹម​ទឹក​៤ ក្នុង​​ការ​ប្រកួត​ប្រដាល់​ទម្ងន់​៦៣.៥​គីឡូក្រាម នៅ​កម្មវិធី«​កំពូល​ជើង​ឯក​គុន​ខ្មែរ» នា​​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៤ ថ្មីៗ​នេះ​លើ​សង្វៀន​ទូរទស្សន៍ PNN ខណៈ​ហាក់​មាន​ចម្រូងចម្រាស​ក្រោយ​ចប់​ការ​ប្រកួត។

បរាជ័យ​របស់ ម៉ឺន មេឃា មក​ពី​ក្លិប​ប្រដាល់​​អេភូថង ក្រោម​ថ្វី​ដៃ​គូ​ប្រជែង​ ចាន់ ប៊ុនហឿន មក​ពី​ក្លិប​ប្រដាល់​គុនខ្មែរ​អន្តរជាតិ ខណៈ​អ្នក​ទាំង​២​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ដែល​ស្ថិត​នៅ​លើ​ចង្កេះ​របស់ ម៉ឺន មេឃា។ ការ​ប្រកួត​គូ​ពិសេស​នេះ​បាន​ឈាន​ដល់​ទឹក​ទី៤ ហើយ​ លោក​អាជ្ញាកណ្តាល ជ្រា សុភាព បាន​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង ក្រោយ​​កីឡាករ ម៉ឺន មេឃា ​ត្រូវ​ ចាន់ ប៊ុនហឿន ទាត់​ចំ​លើ​ផ្ទៃ​មុខ។

ក្រោយ​លោក​អាជ្ញាកណ្តាល​បញ្ចប់​ការ​ប្រកួត មាន​ការ​ផ្ទុះ​ការ​តវ៉ា ជា​ខ្លាំង​ពី​ភាគី​ខាង ម៉ឺន មេឃា តែ​យ៉ាងណាក្តី​លោក ម៉ិល កាដូ អនុ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ក៏​បាន​​បញ្ជាក់​បន្ថែម​ពី​លើ​ការ​សម្រេច​របស់​លោក​អាជ្ញាកណ្តាល​ទៀត ដោយ​បន្ត​អោយ​លទ្ធផល​ជ័យជម្នះ​ទៅ​​កីឡាករ ចាន់ ប៊ុនហឿន ដដែល។

រំលង​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកួត ម៉ឺន មេឃា បាន​​បង្ហោះ​វីដេអូ​ប្រមាណ ១:២០​វិនាទី ជុំ​វិញ​ការ​ប្រកួត​របស់​ខ្លួន ព្រម​ទាំង​សម្រេច​ថា៖«ប្រាក់​រង្វាន់​ដែល ម៉ឺន មេឃា ទទួល​បាន​ជើង​ឯក​រង តម្លៃ​ខ្លួន ប្រាក់​រង្វាន់​គ្រូឆ្នើម និង​ប្រាក់​ក្លិបសរុប ចំនួន​ ១៥,១២០០០០ ៛ (ដប់ប្រាំលានមួយសែនពីម៉ឺនរៀល) សូម​វេ​ចូល​មន្ទី​ពេទ្យ​គុន្ធបុប្ផា​ទាំង​អស់​ ហើយ​សូម​ពឹង​ពាក់​ដល់​ស្ថានីយ PNN យក​ថវិកា​នេះ​ប្រគល់​ជូន​មន្ទីរ​គន្ធបុប្ផា​ផង​ ហើយ​សូម​ថត​បង្ហោះ​អោយ​មហាជន​បាន​ឃើញ​ផង​ដើម្បី​ចូលរួម​ទាំង​អស់​គ្នា»។

នៅ​ល្ងាច​ថ្ងៃ​ទី២១ កក្កដា ២០២១ ដដែល លោក ម៉ា ស៊ីថេត ប្រធាន​ផ្នែក​កីឡា​​របស់​​ទូរទស្សន៍ PNN បាន​ចេញ​ឆ្លើយ​តប​ចំពោះ​ប្រាក់​រង្វាន់​ថា៖«​ប្រាក់​រង្វាន់​សម្រាប់​ការប្រកួត​ខ្សែក្រវាត់​ កំពូល​ជើង​ឯក​គុន​ខ្មែរ រវាង​ ម៉ឺន​ មេឃា​ និងចាន់​ ប៊ុនហឿន៖

*ចំពោះ​ម៉ឺន​ មេឃា​
– បើ​ឈ្នះ​ទទួល​បាន ១៦លានរៀល​
– បើ​ចាញ់​ទទួល​បាន ៨លានរៀល​

*ចំពោះ ចាន់​ ប៊ុនហឿន
– បើ​ឈ្នះ​ទទួល​បាន ១២លានរៀល
-​ បើ​ចាញ់​ទទួល​បាន ៤លានរៀល​

យោង​តាម​ការ​សម្រេច​របស់​សហព័ន្ធ​ប្រដាល់​គុនខ្មែរ​ ដោយ​បាន​ផ្ដល់​ជ័យជំនះ​ដល់​ ចាន់​ ប៊ុនហឿន​ ដូច​នេះ​ប្រាក់​រង្វាន់​គឺ៖

*ម្ចាស់​ខ្សែ​ក្រវាត់ ចាន់​ ប៊ុនហឿន​ ទទួល​បាន១២លានរៀល​
*ជើង​ឯក​រង ម៉ឺន​ មេឃា​ ទទួល​បាន​ ៨លានរៀល​

លោក​បន្ត​ថា ថវិកា​ទាំង​អស់​របស់​មេឃា​ (៨​លានរៀល + ថវិការ​ក្លិប​ ២០ម៉ឺន​រៀល​) និង​ថវិការ​ឧបត្ថម្ភ​លោក​ អេ​ ភូថង​ (១លានរៀល) គឺ​នៅ​រក្សា​ដដែល។ ដូច​នេះ​បើសិន​ជា​ ម៉ឺន​ មេឃា ចង់​ឧបត្ថម្ភ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ អាច​អញ្ជើញ​មក​បើក​ថវិកា​ដោយ​ផ្ទាល់​នៅ​ស្ថានីយ PNN និង​យក​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដោយខ្លួនឯង​ ដោយ​ហេតុ​ថា​ពេល​ចប់​កម្មវិធី​ភ្លាមៗ​ខាង​ប្អូន​បាន​បដិសេធ​មិន​ទទួល»។

ជាមួយគ្នា​នេះ​ដែរ​អ្នកស្រី ស សុម៉ាលី ម្តាយ​របស់​ ម៉ឺន មេឃា បាន​បង្ហោះសារ​នៅ​ព្រឹក​ថ្ងៃ​ទី២២ កក្កដា ឆ្នាំ​២០២៤ ក្រោយ​បញ្ចប់​ការ​ប្រកួត​១យប់ ថា៖«​រឿងអ្វីៗដែលកើតឡើងម្សិលម៉ិញនាងខ្ញុំសុំទោសបងប្អូនជនរួមជាតិទាំងអស់​ផងដែលខ្ញុំនិងក្រុមគ្រួសារបានប្រើពាក្យខ្លះមិនល្អដោយកំហឹង ហើយរឿងម្សិលម៉ិញខ្ញុំនឹងក្រុមគ្រួសារចិត្តត្រជាក់នឹងលែងខឹងអស់ហើយហើយខ្ញុំសូមចប់ត្រឹមនឹង..ហើយបងប្អូនមួយចំនួនបានណែនាំក្រុមគ្រួសារអោយទៅបើកប្រាក់ឧបត្ថមនឹងយកមកទិញសំភារះជូនដល់ក្លឹបគុនខ្មែរតូចហើយអត់ៗ.ចឹងហើយខ្ញុំនឹងធ្វើតាមបងប្អូន។ ចុងក្រោយសូមជូនពរបងប្អូនហ្វែនទាំងអស់សុខភាពល្អនឹងសំណាងល្អ»។

យ៉ាងណាក្តី ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ ចាន់​ ប៊ុនហឿន​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្លួន​​​សុំទោស​ទៅ​កាន់ ម៉ឺន មេឃា ហើយ​​អាច​ប្រកួត​ដណ្តើម​ឡើង​វិញ​បាន​ទៀត ក្រោយ​រយៈ​ពេល​៣​ខែ តាម​ការ​លក្ខន្តិកៈ​របស់​សហព័ន្ធ​ប្រដាល់​គុនខ្មែរ៕

Share.