មានរថយន្តស្តារិចមួយគ្រឿង ដឹកស្ត្រីម្នាក់ដែលគេអះអាងថាបានធ្លាក់ពីអគារខ្ពស់១កន្លែងក្នុង ក្រុងព្រះសីហនុ។លុះយកមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យឃើញថា បានដាច់ខ្យល់ ទៅហើយ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវឯករាជ្យ ចំណុចមុខមន្ទីរពេទ្យថៃខាង ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់នេះ គេប្រទះ ឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8751 បើកបរ ដោយបុរសម្នាក់ជាជនជាតិខ្មែរ និងអ្នករួមដំណើរ២នាក់ទៀតជាជនជាតិខ្មែរដូចគ្នា ។
បុរសជាអ្នកបើកបររថយន្តខាងលើបានប្រាប់ថា ស្ត្រីរងគ្រោះបានធ្លាក់ពីអគារ១កន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ ហើយមេរបស់គាត់បានចាត់ឲ្យគាត់និងសន្តិសុខ រួមទាំង បុរសជាជាងភ្លើងម្នាក់ទៀត ជួយលើកស្ត្រីរងគ្រោះដាក់ក្នុងគូទរថយន្ត បញ្ជូន ទៅសង្គ្រោះ បន្ទាន់តាមរថយន្តផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដោយពុំរាយការណ៍មកសមត្ថកិច្ចឬហៅរថយន្ត ពេទ្យនោះទេ គឺសម្រេចដឹកមកមន្ទីរពេទ្យថៃខាងដោយខ្លួនឯង តែជាអកុសលស្ត្រីរងគ្រោះ បានដាច់ខ្យល់ស្លាប់ពេលដឹកតាមរថយន្ត។

រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាស្ត្រីខាងលើស្លាប់ ដោយសារ មូលហេតុអ្វីនៅឡើយទេ តែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន បុរស៣នាក់ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុផងដែរ ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះ សីហនុ រង់ចាំសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ច័យស្រាវជ្រាវពីអត្តសញ្ញាត និងរកអំពី មូលហេតុនៃការស្លាប់ទៅតាមនីតិវិធី ៕

