ប្រទេសគុយបា ក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានចាក់វ៉ាក់សាំងបង្កាមេរោគកូវីដ១៩ ជូនកុមារតូចៗដែលមានអាយុចាប់ពី ២ឆ្នាំ ឡើងទៅ ប៉ុន្ដែការចាក់វ៉ាក់សាំងនេះមិនទាន់ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់នៅឡើយទេ។
ប្រទេសដែនកោះដែលមានប្រជាជនចំនួន ១១.២លាននាក់នេះ មានបំណងចាក់វ៉ាក់សាំង ជូនកុមារតូចៗ របស់ខ្លួនមុនពេលដែលបើកសាលារៀនឡើងវិញនាពេលខាងមុខ ក្រោយពីសាលារៀននីមួយៗ នៅក្នុងប្រទេសនេះបិទចាប់តាំងពីខែមីនា ឆ្នាំ ២០២០កន្លងទៅ។

ប្រទេសនេះបានបញ្ចប់ការសាកល្បងវ៉ាក់សាំងលើកុមារដោយប្រើវ៉ាក់សាំងឈ្មោះ អាប់ដាឡា (Abdala) និង សូប៊ីរ៉ាណា (Soberana) ហើយនៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រទេសគុយបា នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ ខណៈដែលថ្ងៃច័ន្ទ ម្សិលម៉ិញនេះ បានចែកចាយវ៉ាក់សាំងសម្រាប់ចាក់ជូនកុមារតូចៗដែលមានអាយុចាប់ពី ២ឆ្នាំដល់១១ឆ្នាំ ទៅឲ្យខេត្ត ស៊ីនហ្វឺហ្គោស (Cienfuegos)។
បណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសចិន, មេមីរ៉ាត អារ៉ាបរួម និង វ៉េណេស៊ុយអេឡា បានប្រកាសថា ពួកគេមានគម្រោងចាក់វ៉ាក់សាំងការពារកុមារតូចៗផងដែរ ប៉ុន្ដែពេលនេះប្រទេសគុយបា គឺជាប្រទេសដំបូងដែលបានពិសោធន៍ និង ចាក់ជូនកុមារតូចៗ និង កុមារក្រោមអាយុ ១៨ឆ្នាំ បានដំបូងគេបំផុតក្នុងពិភពលោក។ វ៉ាក់សាំងរបស់ប្រទេសគុយបា ដែលត្រូវបានបង្កើតឡើងដំបូងនៅអាមេរិកឡាទីន មិនបានឆ្លងកាត់ការត្រួតពិនិត្យពីអន្តរជាតិទេ។ ប៉ុន្ដែវ៉ាក់សាំងនេះបានផ្អែកលើបច្ចេកវិទ្យាប្រូតេអ៊ីន ដែលត្រូវបានប្រើដូចគ្នា ដោយ ណូវ៉ាវ៉ាក់ (Novavax) របស់សហរដ្ឋអាមេរិក និង ក្រុមហ៊ុនផលិតឱសថសាណូហ្វី (Sanofi) របស់បារាំង ហើយបច្ចេកវិទ្យានេះ កំពុងតែរង់ចាំការយល់ព្រម និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ដែរ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលរបស់ប្រទេសគុយបាបានប្រកាសបើកសាលារៀនឡើងវិញបន្តិចម្ដងៗ នៅខែតុលា និង ខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីកុមារទាំងអស់ក្នុងប្រទេសបានចាក់វ៉ាក់សាំងរួចរាល់។ ខណៈដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ យូនីសេហ្វ (UNICEF) បានអំពាវនាវឲ្យសាលារៀននៅទូទាំងពិភពលោកបើកឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើបានព្រោះថា ការបិទសាលារយៈពេលយូរ គឺ ធ្វើឲ្យក្មេងៗ ខ្វះខាតការអប់រំដ៏សំខាន់។
ប្រភព៖ CNA

