កូនដំរីភ្លោះដែលកើតនៅមជ្ឈមណ្ឌលថែទាំសត្វដំរី គឺជាកូនភ្លោះដំរីដំបូងរបស់ប្រទេសស្រីលង្កាក្នុងរយៈពេល ៨០ ឆ្នាំ ដែលជារឿងដ៏កម្របំផុតក្នុងពិភពលោក។
យោងតាមសម្ដីរបស់មន្ត្រីអភិរក្សសត្វព្រៃរបស់ប្រទេសស្រីលង្កាបានឲ្យដឹងថា នៅប្រទេសរបស់ខ្លួនមានរឿងហេតុចម្លែកជាលើកទី២ទៀតហើយ ដោយមានមេដំរី ១ក្បាលទើបតែបង្កើតកូនភ្លោះចំនួន ២ក្បាល ក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ។
មន្រ្តីអភិរក្សសត្វព្រៃបានឲ្យដឹងថា មេដំរីនេះមានឈ្មោះថា ស៊ូរ៉េនជី មានអាយុ ២៥ឆ្នាំ ចំណែកដំរីបា មានអាយុ ១៧ឆ្នាំ ឈ្មោះ ប៉ានឌូ ពួកគេទាំង២ បានបង្កើតកូនដំរីឈ្មោល ២ក្បាល ក្នុងពេលតែមួយនៅមជ្ឈមណ្ឌលថែទាំសត្វដំរី ភីណាវ៉ាឡា។
មន្ត្រីអភិរក្សសត្វព្រៃបានឲ្យដឹងទៀតថា ករណីសត្វដំរីកើតបានកូនដំរីភ្លោះធ្លាប់កើតមាន ១ដង ដែរកាលពីឆ្នាំ ១៩៤១ ហើយ
នៅឆ្នាំ ២០២១នេះ គឺជាឆ្នាំទី ២ ដែលមានសត្វដំរីបង្កើត កូនដំរីភ្លោះ ក្រោយពីអាក់ខានក្នុងរយៈពេល ៨០ឆ្នាំទៅហើយ។

សូមជម្រាបថា ជាទូទៅសត្វដំរីញីអាចមានកូនចំនួន ១២ដងប៉ុណ្ណោះក្នុងមួយជីវិត ហើយអាចមានកូនបានតែ ១ប៉ុណ្ណោះ
ហើយឱកាសដែលសត្វដំរីអាចមានកូនភ្លោះគឺ មានអត្រាត្រឹមតែ ១% ប៉ុន្ដែនៅប្រទេសស្រីលង្កាបែរជាធ្លាប់មានរឿងកម្របែបនេះដល់ទី ២ ដង រួចទៅហើយ៕)
ប្រភព៖ Gulfnews

