តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់បានធ្វើកំណាយសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ និង បានរៀបចំបទបង្ហាញអំពីលទ្ធផលបឋមកំណាយស្រាវជ្រាវបុរាណវិទ្យា និងវិធីសាស្រ្តវិភាគ អំពីទីតាំងមនុស្សរស់នៅបុរាណ ក្នុងរាជធានីកោះកេរ ដែលមានទីតាំងនៅចន្លោះប្រាសាទធំ និងអណ្តូងព្រេង។













ការរៀបចំបទបង្ហាញនេះធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការសម្របសម្រួលពីឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមានការចូលរួមធ្វើបទបង្ហាញដោយលោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ លោកបណ្ឌិត William Christopher Carleton និងលោកបណ្ឌិត David John Brotherson មកពីវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់ សមាសភាពចូលរួមសរុប២០រូប។
ការរៀបចំបទបង្ហាញនេះមានគោលបំណង ដើម្បីចែករំលែកចំណេះដឹងជូនដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញ អាជ្ញាធរជាតិព្រះវិហារយល់ដឹងបន្ថែមអំពីការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា វិធីសាស្រ្តវិភាគលើទីតាំងមនុស្សរស់នៅ និងបរិស្ថានវិទ្យាសម័យបុរាណ តាមរយៈវត្ថុសិល្បៈ(កុលាលភាជន៍…) សំណាកធ្បូង លម្អងផ្កា និងសណាកដីដែលយកទៅវិភាគក្នុងមន្ទីរពិសោធន៍ដើម្បីដឹងអំពីអាយុកាល ប្រភេទសត្វ និងរុក្ខជាតិ។
ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
