យោងតាមការប្រកាសរបស់ក្លិបបាល់ទាត់ Chonburi Football Club ក្រោមការដឹកនាំរបស់លោក Pipob On-Mo បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៩នាក់ចុងក្រោយ ត្រៀមសម្រាប់ការប្រកួតលីគលំដាប់ទី២ Thai League 2 រដូវកាល ២០២៤-២៥ របស់ប្រទេសថៃ ខណ:គ្មានឈ្មោះខ្សែប្រយុទ្ធ Marcus Haber នោះទេ។

ខ្សែប្រយុទ្ធ Marcus Haber ជនជាតិកាណាដា ទើបតែចុះកុងត្រាចូលរួមជាមួយក្រុមបាល់ទាត់ Chonburi Football Club កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ពេលនេះពុំឃើញឈ្មោះកីឡាករ២៩នាក់ចុងក្រោយ ដោយជំនួសវិញដោយខ្សែប្រយុទ្ធថ្មី Derley ជនជាតិប្រេស៊ីល និងកីឡាករ Jeon San-hae ជនជាតិកូរ៉េខាងត្បូង។

កាលពីរដូវកាល ២០២៣-២៤ អំឡុងពេលប្រកបអាជីពបាល់ទាត់នៅព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធ Marcus Haber បានជួយឲ្យក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា Cambodian Premier League និង Hun Sen Cup ខណ:រូបគេគឺជាម្ចាស់ស្បែកជើងមាន Top Scorers ក្រោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់។

គួរដឹងថាកីឡាករកម្ពស់ ១.៩២ម៉ែត្រ ផ្លាស់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា ដំបូងនៅឆ្នាំ ២០២១ ដោយចូលរួមជាមួយវិសាខា ស៊ុតបញ្ចូលទីសរុប១៧គ្រាប់ មុនផ្លាស់ទៅចូលរួមជាព្រះខ័នរាជស្វាយរៀង នៅឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ស៊ុតបញ្ចូលទីសរុប ៥៦គ្រាប់ ឈ្នះស្បែកជើងមាសលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ត្រូវបានអ្នកគាំទ្រដាក់រហស្សនាមថាស្តេចប្រើក្បាលតែតបញ្ចូលទី (King of Header) មុនផ្លាស់ទៅលីគទី២ថៃ នៅឆ្នាំ ២០២៤៕

Share.