បន្ទាប់ពីជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League កាលពីរដូវកាល 2023-24 ពេលនេះ វឿន វាសនា ត្រូវមានភារកិច្ចមួយទៀតគឺជួយក្រុម Win Streak ចូលរួមពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Men’s Club Volleyball Championship 2024។

សម្រាប់ពានរង្វាន់ Asian Men’s Club Volleyball Championship 2024 នឹងចាប់ផ្តើមចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា នៅទីក្រុង Yazd ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការបញ្ជាក់របស់កីឡាករ វឿន វាសនា ថ្លែងប្រាប់សារព័ត៌មានត្រយង។

ពានរង្វាន់ប្រចាំទ្វីបអាស៊ីនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៩ មានអាយុកាល២៥ឆ្នាំ ខណ:ក្រុមបាល់ទះ Paykan Tehran របស់ប្រទេសអ៊ីរ៉ង់ ឈ្នះជើងឯកច្រើនជាងគេសរុប ៨លើក។ ខណ:ជើងឯកឆ្នាំចាស់ ២០២៣ បានទៅលើក្រុម Suntory Sunbirds របស់ជប៉ុន។

គួរដឹងថាក្រុមបាល់ទះ Win Streak បានខ្ចីជើងកីឡាករ វឿន វាសនា ពីក្លិបបាល់ទះវិសាខា ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ បូកជាមួយ​ថ្លៃ​នឿយហត់ ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ប្រមាណ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក៕

Share.