ទីក្រុង​តូក្យូ​- សមត្ថកិច្ច​នគរ​បាល​​ទីក្រុង​តូក្យូ​បាន​ចាប់​បុរស​ពី​បទ​ចោទ​ប្រកាន់​ថា​បាន​កាប់​ឡាន​ដែល​បាន​ដឹក​សិល្បករ​ជើង​ចាស់​និង​មាន​ឈ្មោះ​ល្បី​ល្បាញ​ Takeshi Kitano ប៉ុន្តែ​ក្នុង​ហេតុ​ការណ៍​នោះ​មិនមាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ​។​

សិល្បករ​ជើង​ចាស់​ដែល​ជា​អ្នក​ដឹកនាំ​ តារា​សម្ដែង​ខាង​លើ​នេះ​ខណៈ​កើត​ហេតុការណ៍​រំជួល​ព្រលឹង​នោះ​​កំពុង​ស្ថិត​ក្នុង​រថយន្ត​ជាមួយ​នឹង​អ្នក​បើកបរ​ ដោយ​ពេល​នោះ​រថយន្ត​ទើប​តែ​បើក​ចេញ​ផុត​ពី​ស្ថានីយ​ទូរទស្សន៍​ TBS បាន​បន្តិច​ ព្រោះ​ជា​រៀងរាល់​​​ថ្ងៃ​សៅរ៍​ពេល​យប់​លោក​មាន​កម្មវិធី​ Talk Show ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​។

ជនសង្ស័យ​បាន​យកឧបករណ៍ (ត្រសេះ) ​មក​ដំ​កម្ទេច​រថយន្ត​ Kitano ជាច្រើន​លើក​ ទាមទារ​ឱ្យ​តារា​ជើង​ចាស់​រូប​នេះ​ចុះ​ពី​លើ​រថយន្ត​ នេះ​បើ​យោង​តាម​​ការផ្សាយ​ដោយ​ទូរទស្សន៍ TBS។ ក្រោយ​ឃើញ​ហេតុការណ៍​នោះ​សន្តិសុខ​យាម​បាន​ទូរស័ព្ទ​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​មក​ចាប់​ជន​​សង្ស័យ​នៅ​កន្លែង​ហេតុ​។

ជន​សង្ស័យ​ជា​បុរស​ម្នាក់​ស្ថិត​ក្នុង​វ័យ​ជាង​៤០​ឆ្នាំ​ មាន​កាន់​កាំ​បិតដែល​មាន​មុខ​​​ប្រវែង​១០​សង់​ទីម៉ែត្រ​នៅ​ក្នុង​ដៃ​ នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ដូច​ជា​ Kyodo និង TBS ។

មន្ត្រី​ប៉ូលិស​បាន​បដិសេធ​មិន​ធ្វើ​ការ​ឆ្លើយ​ឆ្លង​ចំពោះ​ករណី​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​គ្រាន់​តែ​និយាយ​ថា​ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ​ព្រម​ជា​មួយ​នឹង​អាវុធ​ប៉ុណ្ណោះ។

យោង​តាម​ TBS បុរស​ជា​ជន​សង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​មាន​ការ​ខឹង​គុំ​គួន​ដែល​ត្រូវ​បាន​លោក​ Kitano បដិសេធ​មិន​ខ្វល់អើពើ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ខណៈ​ដែល​ខ្លួន​បាន​លុត​ជង្គង់​នៅ​ពី​មុខ​ឡាន​របស់​តារា​ជើង​ចាស់​ដ៏​ល្បី​រូប​នេះ​ សុំ​ឱ្យ​លោក​ជួយ​នាំ​ខ្លួន​ចូល​ក្នុង​វិស័យ​សិល្បៈ​។ ប៉ូលិស​កំពុង​បន្ត​ធ្វើ​ការ​តាមដាន​និង​ស៊ើប​អង្កេត​ជា​បន្ត​ទៀត​ចំពោះ​ករណី​នេះ​។

តារា​ជើង​ចាស់​ពហុជំនាញ​លោក​ Kitano គឺជា​តារា​កំប្លែង​ តារា​សម្ដែង ក៏​ដូច​ជា​អ្នក​និពន្ធ​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ប្រទេស​ជប៉ុន​ លោក​បាន​ឈ្នះ​ពាន​រង្វាន់​ តោមាស​ (Golden Lion) នា​មហោស្រព​ភាពយន្ត​ទីក្រុង​ Venice Film Festival តាម​រយៈ​ស្នាដៃ​ភាពយន្ត​ «Hana-Bi» កាល​ពី​ឆ្នាំ​១៩៩៧​ ដោយ​លោក​មាន​ស្នាដៃ​ដឹកនាំ​ភាពយន្ត​ល្បី​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​ «Zatoichi» , «Sonatine» និង «Outrage» ជាដើម។

Telegram-Troryorng
Share.