«សូម​ចូលរួម​សម្ដែង​នូវ​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​សោកសង្រេង​បំផុត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​អាកាសយានិក ស៊ុន ផល្លា និង​អាកាសយានិក ខេង ឆៃយុទ្ធ ចំពោះ​ការ​បាត់បង់​នូវ​កូន​ប្រុស ស្វាមី ឪពុក​ល្អ ជាទី​ស្រឡាញ់​រក​ទី​បំផុត​គ្មាន និង​ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​ជាតិ នៃ​កង​យោធពលខេមរភូមិន្ទ​ទាំង​មូល​នូវ​នាយ​ទាហាន​មាន​ដែល​ឆន្ទៈ សមត្ថភាព និង​ទឹកចិត្ត​ស្នេហា​ជាតិ គួរ​ជាទី​សោកស្ដាយ​ស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក​។​»

ខ្លឹមសារ​ខាង​លើ គឺ​ជា​សារ​រំលែក​ទុក្ខ​របស់​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​ក្រុម​គ្រួសារ និង​សាច់ញាតិ​អាកាសយានិក​ដែល​បាន​ពលី​ជីវិត ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់។ ខ្លឹម​សារ​នៃ​សារ​រំលែក​ទុក​នេះ​ត្រូវ​បាន បង្ហោះ​លើ​ទំព័រ​ហ្វេប៊ុក​ផ្លូវ​ការ​របស់​សម្ដេច នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ សព​អាកាសយានិក​ទាំង​២ ត្រូវ​បាន​កង​កម្លាំង​រុករក​រក​ឃើញ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​២៩​-​៣០ ខែ​កក្កដា ឆ្នាំ​២០២៤​។

សូម​រំឭក​ថា ឧទ្ធម្ភាគចក្រ​យោធា​ដែល​ធ្លាក់ បាន​បាត់​ពី​ប្រព័ន្ធ​ទំនាក់ទំនង កាល​ពី​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០២៤ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ចំណុច​លើ​ខ្នង​ភ្នំ​យ៉ាវយ៉ៃ ស្ថិត​នៅ​ក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ ក្រោយ​ចំណាយ​ពេល​រុករក​អស់​រយៈ​ពេល​១៧​ថ្ងៃ​។ សព​អាកាសយានិក​ម្នាក់ គឺ​លោក ខេង ឆៃយុទ្ធ រក​ឃើញ​ថា​ស្លាប់​នៅ​នឹង​កៅអី​ឧទ្ធម្ភាគចក្រ ចំណែក​សព​លោក ស៊ុន ផល្លា រក​ឃើញ​នៅ​ភ្នំ​ចម្ងាយ​ជាង​២០០ ម៉ែត្រ​ពី​ទីតាំង​យន្តហោះ​ធ្លាក់​។

មក​ទល់​ពេល​នេះ​ក្រសួង​ការពារជាតិ នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​ដែល​បណ្ដាល​ឲ្យ​ឧទ្ធម្ភាគចក្រ​ធ្លាក់​នោះ​ទេ​។ ​បើ​តាម នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ប្រតិបត្តិការ​រុករក​ដោយ​ផ្ទាល់ ប្រាប់​ថា បំណែក​យន្ត​ហោះ​ដែល​ធ្លាក់​មិន​ទាន់​អាច​យក​ចេញ​បាន​ទេ​។ ជា​បណ្ដោះ​អាសន្ន គឺ​ប្រមូល​យក​តែ​បំណែក និង​គ្រឿង​សំខាន់ មាន​ប្រអប់​ខ្មៅ​ជា​ដើម ដើម្បី​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​របស់​ឧទ្ធម្ភាគចក្រ​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.