រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ជាតិ​សរុប​ចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០ រៀល ឬ​ស្មើ​នឹង ១ ៣៥៩,៦២ លាន​ដុល្លារ​អាមេរិក សម្រាប់ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវិដ១៩ ប្រមាណ ៧​សែន​គ្រួសារ ស្មើ​នឹង ២​,​៨ លាន​នាក់ រយៈ​ពេល ៤៣ ខែ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចាក​ចេញ​ពី​កម្មវិធី​មាន​រយៈ​ពេល ៣ ខែ​។ នេះ​បើ​យក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​កាល​ពី ថ្ងៃ​ទី ៣០ ខែ​កក្កដា ឆ្នាំ ២០២៤។

កន្លង​មក ក្នុង​គោល​បំណង​លើក​កម្ពស់​ប្រសិទ្ធភាព និង​ប្រតិតុល្យការ​នៃ​ការ​អនុវត្ត​កម្មវិធី ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​រៀបចំ​ការ​វាយតម្លៃ​ជា​ប្រចាំ​សម្រាប់ កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ រួម​មាន​ទាំង​ការ​វាយ​តម្លៃ​កម្មវិបាក​របស់​កម្មវិធី​លើ​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន និង​ការ​វាយ​តម្លៃ​លើ​ដំណើរការ​នៃ​ការ​អនុវត្ត​កម្មវិធី​ផង​ដែរ​។

ក្រោយ​ពី​បាន​បិទ​បញ្ចប់​ការអនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ រាជរដ្ឋាភិបាល ក៏​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និង​សមាហរណកម្ម​កម្មវិធីជាតិ​ជំនួយ​សង្គម​ទាំង​អស់ ដើម្បី​ពង្រីក​ការ​គ្របដណ្ដប់ បង្កើន​ប្រសិទ្ធភាព និង​ការ​វិនិយោគ​ហិរញ្ញវត្ថុ ជាមួយ​នឹង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កម្មវិធី​នេះ​។

គិត​ត្រឹម​ដំណាច់ ខែមិថុនា ឆ្នាំ ២០២៤នេះ ក្នុង​ចំណោម​គ្រួសារ​គោលដៅ​ដែល​មាន​បណ្ណ​សមធម៌​ចំនួន ៧០ ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨ លាននាក់ មានគ្រួសារចំនួន ៥៧ ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ៨៤ % បានចុះឈ្មោះចូលកម្មវិធីរួចរាល់ និងទទួលផលពីកម្មវិធី ដោយរាជរដ្ឋាភិបាលបាន ចំណាយថវិកាសរុប ប្រមាណ ៧២,៥ ប៊ីលានរៀល ស្មើនឹងប្រមាណ ១៨ លានដុល្លារអាម៉េរិក។

ដោយឡែក សម្រាប់ក្រុមគោលដៅនៅសេសសស់ចំនួនប្រមាណ ១៦% ក្រុមការងារអន្តរ ក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាន និងកំពុងរៀបចំយុទ្ធនាការដើម្បីជំរុញការចុះបញ្ជីឱ្យបានទាន់ពេល ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា៕

ឈិន ធារ៉ាត់

Share.