អ្នកជំងឺដែលស្លាប់ដោយសារទឹកជំនន់ជន់លិចមន្ទីរពេទ្យភាគច្រើនគឺជា អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល។ អាជ្ញាធរប្រទេសម៉ិកស៊ិកបានរាយការណ៍ថា អ្នកជំងីចំនួន ១៧នាក់ នៅក្នុងមន្ទីរពេទ្យ គឺបានស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ហើយទឹកជំនន់នេះ បានវាយប្រហារទីក្រុង ធូឡា ស្ថិតនៅរដ្ឋហ៊ីដាលហ្គោ ភាគកណ្ដាលប្រទេសម៉ិកស៊ិក។

ភ្លៀងចាប់ផ្ដើមធ្លាក់កាលពីរសៀលថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅរដ្ឋ ហ៊ីដាលហ្គោ ដោយបណ្ដាលឲ្យទឹកទន្លងនៅទីក្រុង ធូឡា កើនឡើងដល់កម្រិតខ្ពស់ រហូតដល់ជន់លិចមន្ទីរពេទ្យដ៏ធំមួយនៅក្នុងទីក្រុងនេះតែម្ដង។ អ្នកជំងឺកូវីដកម្រិតធ្ងន់ ដែលស្លាប់ក្នុងគ្រោះទឹកជំនន់នេះចំនួន ១៥នាក់ គឺមានផ្ទុកជំងឺកូវីដ១៩ ដោយសារតែពួកគេកំពុងតែត្រូវការជំនួយយ៉ាងខ្លាំងពីឧបករណ៍ជំនួយផ្លូវដង្ហើម ហើយឧបករណ៍ទាំងនោះបានកាត់ផ្ដាច់ដោយសារទឹកជំនន់ ដោយឡែកអ្នកជំងឺកូវីដកម្រិតស្រាល ២នាក់ទៀតក៏បានស្លាប់ក្នុងហេតុការណ៍នេះដែរ។ មុនពេលរងគ្រោះទឹកជំនន់ នៅក្នុងមន្ទីរពេទ្យខាងលើនេះ មានបុគ្គលិកបម្រើការងារចំនួន ១០៤នាក់ និងអ្នកជំងឺចំនួន ៥៦នាក់ ហើយប្រហែលជាពាក់កណ្តាលនៃពួកគេ គឺមានផ្ទុកជំងឺ COVID-19។

គួរបញ្ជាក់ថា មន្ទីរពេទ្យខាងលើនេះ គឺជាអគារមួយក្នុងចំណោមអគារទាំង ៥ នៅទីក្រុង ធូឡា ដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេ។ ដោយសារថាមពលអគ្គិសនី ត្រូវបានកាត់ផ្តាច់នៅទូទាំងទីក្រុង ម៉ាស៊ីនភ្លើងនៅមន្ទីរពេទ្យដែលបានរងការជន់លិច ក៏មិនអាចប្រើប្រាស់បានដែរ៕
ប្រភព៖ The Hindu

