ការថែរក្សាសុខភាពឲ្យល្អ និង ក្មេងជាងវ័យ មិនមែនជារឿងងាយស្រួលឡើយ។ អ្នកត្រូវគ្រប់គ្រងរបបអាហារ ការគេង ផ្លូវចិត្ត សុខភាព និង រាងកាយឲ្យបានល្អទើបអ្នកទទួលបាននូវសុខភាពល្អមាំមួន។ ប៉ុន្ដែការថែរក្សាសុខភាពខាងលើអាចនឹងចំណាយពេលច្រើន មានការខិតខំប្រឹងប្រែងខ្លាំង និង ត្រូវការចំណាយថវិការច្រើនផងដែរ។ ប៉ុន្ដែថ្ងៃនេះសារព័ត៌មានត្រយង សូមចែករំលែកនូវគន្លឺះខ្លីៗ ៣យ៉ាង ដែលអាចកែប្រែសុខភាពរបស់អ្នកឲ្យកាន់តែល្អប្រសើរ ជាពិសេសចំណាយពេលខ្លី និង ចំណាយថវិកាតិចផងដែរ។ តោះចុចអានគន្លឺះសំខាន់ៗទាំង ៣យ៉ាងទាំងអស់គ្នា!
១) ការរៀបចំអាហារប្រចាំថ្ងៃ
អ្នកត្រូវកំណត់ថាថ្ងៃនេះ រឺ ថ្ងៃស្អែកអ្នកគួរតែត្រូវទទួលទានអាហារបែបណា ដើម្បីងាយស្រួលក្នុងការទៅផ្សារទិញទំនិញទាំងនោះមកវិញ ចៀសវាងការចំណាយពេលដើរផ្សារយូររាប់ម៉ោងដោយគ្មានគោលដៅ ជាពិសេសនូវពេលដែលអ្នកកំណត់មុខម្ហូបទុករួចអ្នកអាចនឹងដឹងថា គួរចំណាយប្រាក់ប៉ុន្មានក្នុងការដើរផ្សារ ធ្វើបែបនេះអាចជួយឲ្យអ្នកគ្រប់គ្រងប្រាក់បានត្រឹមត្រូវផងដែរ។ បន្ថែមពីនេះ នៅពេលដែលអ្នករាយបញ្ជីមុខម្ហូបដែលត្រូវទិញ ដូចជាអាហារដែលល្អចំពោះសុខភាព ប៉ុន្ដែអ្នកគួរតែកាត់បន្ថយអាហារប្រភេទកំប៉ុង ព្រោះថាអាហារកំប៉ុងភាគច្រើនគឺមិនល្អសម្រាប់សុខភាពនោះទេ ហើយចំណាយក៏ច្រើន។ អ្នកគួរតែទទួលទានអាហារណាដែលមានប្រូតេអ៉ីន និង ឧស្សាហ៍ផឹកទឹកផ្លែឈើស្រស់ឲ្យបានច្រើន។

២) ការគ្រប់គ្រងដំណេក
ការគេងពីព្រលុប ភ្ញាក់ពីព្រលឹមគឺមានសារៈសំខាន់ណាស់ចំពោះសុខភាព ព្រោះការគេងបានគ្រប់គ្រាន់អាចជួយឲ្យអ្នកមានសុខភាពល្អ និង សម្រស់ក្មេងជាងវ័យ។ ដើម្បីទទួលបានអត្ថប្រយោជន៍បែបនេះ អ្នកត្រូវរៀបចំពេលវេលានៃការចូលគេងឲ្យបានទៀងទាត់ ធ្វើដូចនេះមិនត្រឹមតែអាចគ្រប់គ្រងសុខភាពប៉ុណ្ណោះទេ វាក៏អាចជួយឲ្យអ្នកមានទម្លាប់ល្អផងដែរ ដែលអាចជួយជំរុញឲ្យសារពាង្គកាយអ្នកទទួលបានដំណើរការជីវសាស្រ្តដ៏ទៀងទាត់មួយ។ ប៉ុន្ដែប្រសិនបើអ្នកពិបាកក្នុងការគេង អ្នកគួរតែទទួលទាននូវអាហារមួយចំនួនដូចជា ទឹកដោះគោ គ្រាប់អាល់ម៉ុន គីវី ខ្លាញ់ត្រី(ត្រីសាល់ម៉ុន) ផ្លែផាស់សិន និង ផ្លែខួរក្បាលឬផ្លៃ Walnuts។

៣) ការហាត់ប្រាណ
អ្នកគួរតែមានទម្លាប់ហាត់ប្រាណជាប្រចាំ ព្រោះការហាត់ប្រាណអាចធ្វើឲ្យអ្នកទទួលបានសុខភាព និង រាងកាយមាំមួន។ ពិតណាស់ការហាត់ប្រាណ មិនសូវមានការពេញនិយមសម្រាប់អ្នកធ្វើការនោះទេ ព្រោះតែអ្នកធ្វើការភាគច្រើនហត់នឿយពីកន្លែងធ្វើការ ហើយចង់សម្រាកនៅពេលមកដល់ផ្ទះវិញ។ ដូច្នេះអ្នកគួរតែឆ្លៀតពេលហាត់ប្រាណ បន្ទាប់ពីធ្វើការរួចរាល់ ឬ អាចឆ្លៀតពេលហាត់ប្រាណនៅថ្ងៃចុងសប្ដាហ៍ ជាពិសេសអ្នកអាចរកដៃគូរហាត់ជាមួយគ្នា ដើម្បីធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែធូរស្រាល និង មិនមានអារម្មណ៍ហត់នឿយឡើយ។ ប៉ុន្ដែអ្នកគួរតែឧស្សាហ៍តាមដានសុខភាពជាមួយគ្រូពេទ្យបន្ថែមទៀតកាន់តែប្រសើរ។

វិធីទាំងនេះជាផ្នែកមួយដែលជួយឲ្យអ្នកទទួលបានសុខភាពល្អ ទម្លាប់ល្អ និង ចំណាយប្រាក់តិច ជាពិសេសអាចជួយឲ្យអ្នកចេះគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃបានល្អ សូម្បីតែប្រាក់របស់អ្នកក៏អាចគ្រប់គ្រងល្អផងដែរ៕
ប្រភព៖ Better Health

