នៅព្រឹកថ្ងៃច័ន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ ដោយផ្ដើមចេញពីវត្តអារាមដែលជាឃ្លាំងនៃវប្បធម៌ និងព្រលឹងជាតិ ក្រសួង ស្ថាប័ន គ្រឹះស្ថានរដ្ឋ និងឯកជន រមនីយដ្ឋាន បូជនីយដ្ឋានបានបន្លឺសំឡេង ស្គរ ឃ្មោះ និងគងលាន់រំពងជាមហោឡារិកស្ទើរពេញប្រទេស ដើម្បីអបអរសាទរមហាគម្រោងជាប្រវត្តិសាស្ត្រប្រចាំសហស្សវត្សរបស់ព្រះរាជាណាចក្រកម្ពុជា គឺព្រែកជីកហ្វូណន-តេជោ។
«យើងទាំងអស់គ្នាគាំទ្រព្រែកជីកហ្វូណនតេជោ» ជាសារដែលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានស្រែកព្រមៗគ្នាយ៉ាងរំភើបរីករាយឥតឧបមា ព្រោះថាយើងទាំងអស់គ្នាបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ។ ឥឡូវនេះគម្រោងព្រែកជីកហ្វូណនតេជោរបស់យើងបើការដ្ឋានជាផ្លូវការ ជាសារបញ្ជាក់ច្បាស់ៗថា ខ្មែរយើងធ្វើបាន មិនចាញ់ជំងឺរាតត្បាតចង្រៃណាមួយឡើយ។ ជំងឺរាតត្បាតនោះ គឺចង់សំដៅដល់ការខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីបន្ទច់បង្អាក់ រារាំង មិនឲ្យគម្រោងនេះទៅរួចពីសំណាក់ពួកអមិត្ត និងក្រុមប្រឆាំងដែលមាននិន្នាការបរទេសនិយម។











គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។ ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយ ឱ្យកម្ពុជាពង្រឹងនូវឯករាជ្យខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងលំហូរទឹកទន្លេមេគង្គឡើយ។ ការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោង របស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាចងបាច់សាមគ្គី និងមនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព។
ថ្ងៃទី៥ សីហា ឆ្នាំ ២០២៤ ជាកំណត់ត្រានៃព្រឹត្តិការណ៍បើកការដ្ឋានជីកព្រែក ដើមឆ្នាំ ២០២៨ ប្រសិនបើដំណើរការដោយរលូន ៤ឆ្នាំក្រោយ គឺម្ដុំដើមឆ្នាំ២០២៨ គឺជាកំណត់ត្រានៃការសម្ពោធន៍ដាក់ដំណើរការឲ្យប្រើប្រាស់ព្រែកជីកហ្វូណនតេជោ៕

អត្ថបទ៖ ឈិន ធារ៉ាត់

