កម្ពុជាបានគាស់រំលើងនូវចក្ខុវិស័យ​នៃការដឹកនាំ​បុព្វបុរសខ្មែរនាសម័យ​អាណាចក្រភ្នំ ឬអាណាចក្រ​ហ្វូណន កាលពី​ ២ ០០០ឆ្នាំមុន។ ២ ០០០ឆ្នាំមុន នៅអំឡុងសតវត្សទី១ សម័យនគរភ្នំ ឬសម័យហ្វូណន​មានរដ្ឋធានី​នៅអង្គរបុរី មានប្រព័ន្ធធារាសាស្រ្តធំៗចំនួន​៥ ដើម្បីបម្រើឲ្យវិស័យកសិកម្មផង និងពាណិជ្ជកម្មអន្ដរជាតិ​ផង។ ផ្អែកតាមកំណត្រាចិន​បានបង្ហាញថា នគរភ្នំ ឬហ្វូណន​ ជាប្រទេសរុងរឿងខ្លាំងនៅភាគខាងត្បូងរបស់ប្រទេសចិន។ ដូច្នេះព្រឹត្តិការណ៍បើកការដ្ឋាន​ព្រែកជីកហ្វូណន​តេជោ នៅថ្ងៃទី៥ សីហានេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីនាសម័យថ្មី តែស្របតាមចក្ខុវិស័យ​បុព្វបុរខ្មែរ​កាលពី​២០០០ឆ្នាំមុន។

សូមចុចអាន៖ សំឡេង​ស្គរ​បន្លឺ​គ្រប់​ទិសទី​ អបអរ​សាទរ​ ៥ សីហា កំណត់ត្រាប្រវត្តិសាស្ត្រ​បើក​ការ​ដ្ឋាន​គម្រោង​ព្រែក​ជីក​​ហ្វូណន​តេជោ​

ថ្លែងនៅក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីព្រឹកថ្ងៃទី ៥ សីហា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ ក្រៅពី​ផ្ដោតលើហេដ្ឋរចនាសម្ព័ន្ធ ព្រែកជីកដែលបើកការដ្ឋាននៅពេលនេះ គឺបានផ្ដោតលើ​ភូមិសាស្រ្ត និងប្រវត្តិសាស្រ្តកម្ពុជា។ តាមកំណត្រានាសម័យអង្គររបស់លោកជីតាក្វាន់ និងកាក់មាសរបស់ចក្រភព​រ៉ឺមាំង​ ដែលបានរកឃើញនៅកំពង់ផែអូកែ នាសម័យអាណាចក្រភ្នំ សុទ្ធសឹងជាភស្ដុតាងនូវភាពជឿនលឿន​នៃអរ្យធម៌របស់ខ្មែរ និងឥទ្ធិពលការទូត​នាសម័យនោះ។

«អាណាចក្រហ្វូណន​ដែលជាអាណាចក្រដំបូង​របស់កម្ពុជានៅសតវត្សទី១ នៅពេលនោះ បើតាមកំណត្រារបស់ចិនថា ហ្វូណន​ជាអាណាចក្ររុងរឿងនៅភាគត្បូងរបស់ចិន។ ការកសាងព្រែកជីកហ្វូណន ដែលសំដៅទៅលើការជំរុញកសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម ភស្ដុភារកម្ម គឺមិនខុសចក្ខុវិស័យ​បុព្វបុរស​ខ្មែរ​កាលពីជាង​២ពាន់ឆ្នាំមុននោះទេ។ នៅក្នុងអាណាចក្រហ្វូណន​ដែលមានរាជធានី​នៅអង្គរ​បុរី​ ដែលពេលនោះកម្ពុជា​រឹងមាំ​​ ជាចក្រភពមួយរឹងមាំ មានមូលដ្ឋាន​សេដ្ឋកិច្ចខ្លាំងក្លា ដែលផ្ដោតលើ​កត្តាសំខាន់ពីរ គឺកសិកម្ម និងពាណិជ្ជកម្ម។ ដូច្នេះការកសាងព្រែកជីកហ្វូណនតេជោ នៅពេលនេះ​គឺស្របតាមចក្ខុវិស័យបុព្វបុរស​ខ្មែរ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍។

សូមចុចអាន៖ សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ សិល្បករ​ និង​សិល្បការិនី​ ជា​ច្រើន​នាក់​ចូល​រួម​អបអរ​ពិធី​បើក​ការដ្ឋាន​ «ព្រែក​ជីក​ហ្វូណន​តេជោ​»

តាមឯកសារ អាណាចក្រភ្នំ ឬហ្វូណន ភាពរីកចម្រើនខ្លាំងទី១ គឺវិស័យកសិកម្ម។ នាសម័យនោះ រាជធានីអង្គរបុរី​មាន​ប្រព័ន្ធធារាសាស្រ្តច្រើន​ ដែលបម្រើឲ្យវិស័យកសិកម្ម​ ការដាំដុះ ដែលធ្វើឲ្យសេដ្ឋកិច្ច​នៅពេល​នោះ​រឹងមាំ​។ ទន្ទឹមនឹងនោះ គឺពាណិជ្ជកម្មអន្ដរជាតិ​ គឺរាជធានីអង្គរបុរី​មានព្រែកជីកចំនួន៥​ ដែលបម្រើឲ្យការតភ្ជាប់ពាណិជ្ជកម្ម​ ក្នុងនោះមានព្រែកជីកមួយខ្ពស់​ជាង​គេ​ មានប្រវែង​រហូត​ដល់ទៅ​៩០គីឡូម៉ែត្រ​ ដែលភ្ជាប់​ជាមួយនឹងកំពង់ផែ អូកែវ និង​កំពង់ផែអន្ដរជាតិ​នៅពេលនេះ​។ កំពង់ផែ​អូកែវ កម្ពុជាបានធ្វើ​ពាណិជ្ជកម្ម​ជាប្រទេសលោកខាងលិច ចក្រភពរ៉ូមុំាង ឥណ្ឌា ជាដើម។ ហើយមួយខ្សែទៀត​ភ្ជាប់ពីអង្គរបុរី មកទន្លេបាសាក់​ ដែលអាច​ធ្វើពាណិជ្ជកម្ម​អ្នកខាងកើត ដែលមានចិនជាធំ។ ហើយ​៣ខ្សែទៀត​បានបែងចែក​ទៅតំបន់ផ្សេងៗទៀត​នៅក្នុងប្រទេស​នាសម័យនោះ​ ដើម្បីដឹកជញ្ជូន​លើវិស័យពាណិជ្ជកម្ម និងភស្ដុភារកម្ម​។ ដូច្នេះ​២ពាន់ឆ្នាំក្រោយ​គឺនៅថ្ងៃនេះ កូនចៅបានបើក​នូវការដ្ឋានសាងសង់​ព្រែកជីក​ យកលំនាំ​តាមចក្ខុវិស័យរបស់​បុព្វបុរសរបស់យើង។ កសាងព្រែក​ពីរាជធានីភ្នំពេញ​ ទៅកំពង់ផែទឹកជ្រៅ​នៅខេត្តព្រះសីហនុ និងខេត្តកំពត​ ដើម្បីទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយពិភពលោក។ នេះជាការលើកឡើងបន្ថែមពី សម្ដេចបរវរធិបតី ហ៊ុន ម៉ាណែត។​

បណ្ដុំរូបភាពនៅក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ប្រភពរូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

ព្រែកជីកហ្វូណនតេជោ គឺជា ព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់ កំពង់ផែស្វយ័តភ្នំពេញ ជាមួយ ក្រុងកែប និង ឈូងសមុទ្រថៃ។ ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា​បានសម្រេចសាងសង់​កំពង់ផែទឹកជ្រៅ​នៅកំពត និងកំពង់ផែទឹកជ្រៅ​នៅខេត្តព្រះសីហនុ ដែលជាសក្កដានុពលលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។

ព្រែកជីកនេះនឹងចាប់ផ្តើមពី ព្រែកតាកែវ នៃទន្លេមេគង្គ កាត់តាមព្រែកតាឯក នៃទន្លេបាសាក់ និងចុងក្រោយបញ្ចូលគ្នាជាមួយព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ។  ព្រែកជីកនេះ​នឹង​តភ្ជាប់​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់​ជាមួយ​នឹង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​ប្រទេស​ក្នុង ​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​ថ្មី​ក្នុង ​ខេត្ត​កំពត ។ 

ព្រែកជីកខាងលើនេះ នឹងសាងសង់​ទំនប់​ចំនួន​បី​ដែល​មាន​ច្រក​ទឹក និង​ស្ពាន​ចំនួន ១១។ ប្រឡាយនេះនឹងមានទទឹង ១០០ម៉ែត្រ និងជម្រៅ ៥.៤ម៉ែត្រ ដែលអាចទ្រទ្រង់នាវារហូតដល់ ៣,០០០ DWT ។ ព្រែកជីកនេះគ្រោងចំណាយថវិកា១.៧ពាន់លានដុល្លារ ដែលគម្រោងនេះប្រើរយៈពេល៤ឆ្នាំ គិតចាប់ពីឆ្នាំ​២០២៤ ហើយគ្រោងនឹងបញ្ចប់​នៅឆ្នាំ​២០២៨ខាងមុខនេះ៕

Share.