សិល្បៈជាតិ៖ ថ្មីៗនេះ ផេករោងភាពយន្តបានទម្លាក់តម្រុយថ្មីជារូបភាព Poster រឿង «សាសនាងងឹត» ដោយនៅក្នុងរូបនោះមានមួយគឺជាកូនអាន់ ឬ នាដការីសុគា គីមលាង និងមួយទៀត គឺរូបភាពមីណា តារាចម្រៀង។

តាមរយៈផ្ទាំង Poster ទាំងពីរខាងលើនេះធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងព្រោះតែវត្តមានរបស់កំពូលស្រីស្អាតវ័យក្មេង២ដួង បានប៉ះគ្នានៅក្នុងភាពយន្តរបស់ផលិតកម្ម LD Entertainment។ យ៉ាងណាមិញគេនៅមិនទាន់ដឹងទេថា សាច់រឿងមានលក្ខណៈបែបណានៅឡើយទេ គ្រាន់តែនៅក្នុង Poster Kon Ant ស្ថិតនៅក្នុងសំលៀកបំពាក់អប្សរា រីឯ Mina ស្ថិតនៅក្នុង Poster សខ្មៅ និងមានស្នាមរបួសនៅត្រង់ថ្ងាស។

ក្រោយពេលផ្ទាំងផ្សព្វផ្សាយភាពយន្តថ្មីភ្ជាប់ជាមួយនឹងពាក្យ Coming Soon ឬឆាប់ៗនេះបានផ្សាយនៅលើបណ្ដាញសង្គមមានអ្នកគាំទ្ររបស់តារាស្រីទាំងពីរដួងនេះមិនតិចនោះឡើយដែលរង់ចាំយ៉ាងអន្ទះសារ ចង់តាមដានភាពយន្ត «សាសនាងងឹត» ដោយគេឃើញមានអ្នកបញ្ចេញខមមិនជាច្រើន បានស្រុះស្រួលបបួលគ្នាទៅមើលអាយដលរបស់ពួកគេនៅក្នុងភាពយន្តថ្មីត្រៀមចាក់បញ្ចាំងខាងលើនេះ៕

